អ៊ីរ៉ង់ព្រមានពីប្រតិបត្តិការបន្លំរបស់អ៊ីស្រាអែល ក្រោយដ្រូនវាយប្រហារ កំពង់ផែ អេហ្ស៊ីប
តេហេរ៉ង់ ៖ អ៊ីរ៉ង់ព្រមានអំពីប្រតិបត្តិការបន្លំអត្តសញ្ញាណ របស់អ៊ីស្រាអែល ក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ អំពីអ្វីដែលលោកបានហៅថាជា «ប្រតិបត្តិការបន្លំអត្តសញ្ញាណ» របស់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ទៅលើនាវាដឹកឧស្ម័នមួយគ្រឿង នៅកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប ដោយលោកបានបញ្ជាក់ថា សន្តិសុខរបស់អេហ្ស៊ីបមាន «សារៈសំខាន់បំផុត» សម្រាប់ទីក្រុងតេហេរ៉ង់។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X , លោក Araghchi បានពណ៌នាថា «ប្រទេសអេហ្ស៊ីប ជាមិត្តភក្តិ និងដៃគូដ៏សំខាន់មួយនៅក្នុងតំបន់ ហើយសន្តិសុខរបស់ប្រទេសនេះមានសារៈសំខាន់បំផុតសម្រាប់ពួកយើង»។
លោកបានសរសេរទៀតថា «យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នចំពោះផែនការ និងប្រតិបត្តិការបន្លំអត្តសញ្ញាណរបស់អ៊ីស្រាអែល ដែលត្រូវបានរៀបចំឡើងដើម្បីបំផ្លាញសន្តិភាពក្នុងតំបន់»។
លោកបានបន្ថែមថា «ការគំរាមកំហែងនេះគឺច្បាស់លាស់ មានផលប៉ះពាល់ទៅវិញទៅមក និងបង្ហាញពីការភ័យខ្លាចចំពោះសាមគ្គីភាពរបស់ប្រជាជនមូស្លីម»។
បើតាម Anadolu , ការលើកឡើងទាំងនេះបានធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានបង្កឱ្យមានអគ្គិភ័យឆេះនាវាដឹកឧស្ម័នចំនួនពីរគ្រឿងនៅកំពង់ផែ Damietta របស់អេហ្ស៊ីប មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
អេហ្ស៊ីប បានប្រមូលបំណែកនៃយន្តហោះគ្មានមនុស្សបើកនោះ ហើយកំពុងធ្វើការវិភាគផ្នែកសន្តិសុខដើម្បីកំណត់ប្រភពដើមរបស់វា ដោយសង្កត់ធ្ងន់ថា ទីក្រុងគែរនឹងធ្វើការសន្និដ្ឋានដោយផ្អែកលើការពិត ជាជាងការស្មាន។
អាជ្ញាធរអេហ្ស៊ីបបាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះបណ្តាលមកពីយន្តហោះគ្មានមនុស្សបើក ខណៈដែលពួកគេកត់សម្គាល់ថា មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះ នៅឡើយទេ ហើយការស៊ើបអង្កេតកំពុងបន្តដើម្បីកំណត់ពីកាលៈទេសៈ ជុំវិញការវាយប្រហារនេះ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
