អារ៉ាប៊ី សាអូឌីត កៀរគរ ៥០ប្រទេស រួមដៃគ្នាការពារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម
រីយ៉ាដ ៖ អារ៉ាប៊ី សាអូឌីត បានប្រកាសស្វែងរកការបង្កើតសម្ព័ន្ធភាព ដែលមានប្រទេសចំនួន៥០ ដើម្បីការពារការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅសមុទ្រក្រហម និងការពារប្រឆាំងនឹងការវាយប្រហារដោយក្រុមឧទ្ទាម។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Al Monitor ដោយដកស្រង់ប្រភពនានា។
យោងតាមប្រភព, ប្រទេសអេហ្ស៊ីប, ស៊ូដង់, ជីប៊ូទី និងសូម៉ាលី បានយល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ី សាអូឌីតរួចហើយ។ ការអញ្ជើញក៏ត្រូវបានផ្ញើទៅកាន់ប្រទេសតួកគី, កាតា, បារ៉ែន, គុយវ៉ែត, ប៉ាគីស្ថាន បង់ក្លាដែស និងប្រទេសមួយចំនួនទៀតផងដែរ។ សហរដ្ឋអាមេរិកក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះដែរ។
ប្រទេសអឺរ៉ុបមួយចំនួន រួមទាំងបារាំង អាល្លឺម៉ង់ និងអ៊ីតាលី កំពុងពិចារណាចូលរួមក្នុងសម្ព័ន្ធភាពនេះ ប្រសិនបើសហរដ្ឋអាមេរិកចូលរួម។
យោងតាមគេហទំព័រព័ត៌មាននេះ, អារ៉ាប៊ី សាអូឌីត រំពឹងថា សម្ព័ន្ធភាពអន្តរជាតិមួយនេះនឹងផ្តោត មិនត្រឹមតែលើការប្រឆាំងនឹងក្រុម Houthi ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ តាមសមុទ្រ និងការជួញដូរខុសច្បាប់នៅក្នុងសមុទ្រក្រហមផងដែរ។
បើតាម Tass, នៅថ្ងៃទី២០ ខែកក្កដា អ្នកនាំពាក្យយោធារបស់ក្រុម ហ៊ូទី គឺលោក Yahya Saree បានប្រកាសហាមឃាត់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលពាក់ព័ន្ធនឹងប្រទេស អារ៉ាប៊ី សាអូឌីត។ ជាការឆ្លើយតប ទីក្រុងរីយ៉ាដបានប្រកាសដាក់ចេញនូវវិធានការនានា ដើម្បីការពារនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Bab el-Mandeb ។ ក្រោយមក ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត ចំនួនពីរគ្រឿង ដើម្បីសងសឹកចំពោះអ្វីដែលពួកគេបានពណ៌នាថា ជាការរំលោភលើការបិទផ្លូវសមុទ្រ ដែលអនុវត្តដោយ អារ៉ាបប៊ី សាអ៊ូឌីត៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត