លោក ហ្សេលេនស្គី ៖ រុស្ស៊ី ប្រើមីស៊ីលបាលីស្ទិក កូរ៉េខាងជើង វាយ អ៊ុយក្រែន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ព័ត៌មានបឋមបង្ហាញថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់លើបណ្តាញសង្គម Telegram កាលពីថ្ងៃ ព្រហស្បតិ៍ថា អ្នកជំនាញកំពុងបន្តពិនិត្យមើលមីស៊ីល ដែលរុស្ស៊ីបានប្រើប្រាស់វាយប្រហារលើភូមិ Radushne ហើយលទ្ធផលរកឃើញជំហានដំបូងចង្អុលបង្ហាញថា វាជាអាវុធផលិតដោយកូរ៉េខាងជើង ។
លោក ហ្សេលេនស្គី អះអាងថា ទិន្នន័យបឋមរបស់យើងបង្ហាញថា នេះគឺជាមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ។ ពិតណាស់ នឹងមានការពិនិត្យបន្ថែមទៀត ហើយអ្វីៗទាំងអស់នឹងត្រូវបានផ្ទៀងផ្ទាត់ ។
បើតាមលោក ហ្សេលេនស្គី, មីស៊ីលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែរីកធំធាត់រវាងទីក្រុងមូស្គូ និងព្យុងយ៉ាង ដោយលោកបានចោទប្រកាន់កូរ៉េខាងជើងចំៗ ថាបានផ្គត់ផ្គង់មីស៊ីល និងកងទ័ពទៅឱ្យរុស្ស៊ី ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់អ៊ុយក្រែន នៅតែជាការទទួលបានមីស៊ីលការពារដែនអាកាសបន្ថែម ។ ពិសេស គ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot ព្រមទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសផ្សេងទៀត ដែលផ្គត់ផ្គង់ដោយលោកខាងលិច ។
យ៉ាងណាមិញ ភាគីរុស្ស៊ីអះអាងថា អ៊ុយក្រែនគ្មានសិទ្ធិមកនិយាយរិះគន់ទីក្រុងមូស្គូ ចំពោះការប្រើប្រាស់អាវុធបរទេសនោះទេ ពីព្រោះទីក្រុងកៀវខ្លួនឯង ក៏កំពុងប្រយុទ្ធដោយពឹងផ្អែកស្ទើរទាំងស្រុងលើអាវុធរបស់បរទេសដូចគ្នាដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា