អ៊ីរ៉ង់ ឃាត់ ប៊ុលហ្គារី និងស៊ីប កុំបើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពវាយប្រទេសខ្លួន
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញប៊ុលហ្គារី និងស៊ីប កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីប្រទេសរបស់ពួកគេ សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ។
លោក Araghchi បានប្រាប់រដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី Velislava Petrova តាមទូរស័ព្ទថា ការដែលសភាប៊ុលហ្គារីអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាសនៅឯមូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន ដើម្បីគាំទ្រប្រតិបត្តិការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ គឺការរំលោភលើច្បាប់អន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ។
ជាការឆ្លើយតប លោកស្រី Petrova និយាយថា ប៊ុលហ្គារីគ្មានបំណងចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ហើយគាំទ្រផ្លូវការទូត ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ ។
ដោយឡែក លោក Araghchi ក៏បានជជែកពីបញ្ហានេះ តាមទូរស័ពជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos ផងដែរ ដោយលោកបានសង្កត់ធ្ងន់អំពីការទប់ស្កាត់ការកេងចំណេញរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពបរទេសនៅស៊ីប សម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ។
លោក Kombos បានតបវិញថា ស៊ីបបានទាក់ទងទៅអង់គ្លេស ដើម្បីធានាថា មូលដ្ឋានទ័ពអង់គ្លេសនៅលើដែនដីស៊ីប នឹងមិនត្រូវបានយកទៅប្រើប្រាស់ប្រឆាំងនឹងប្រទេសណាមួយឡើយ ។
បើតាមស៊ីនហួរ, សភាប៊ុលហ្គារីបានអនុម័តលើការដាក់ពង្រាយយន្តហោះចាក់ប្រេងតាមអាកាស KC-135 របស់សហរដ្ឋអាមេរិករហូតដល់ ៨ គ្រឿងនៅមូលដ្ឋានទ័ពអាកាស Bezmer ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ។ ចំណែកប្រទេសស៊ីប គឺជាទីតាំងឈរជើងនៃមូលដ្ឋានយោធាចំនួនពីរកន្លែងរបស់អង់គ្លេស ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា