កម្ពុជាពិនិត្យការរៀបចំខ្លួន សម្រាប់ការធ្វើជាម្ចាស់ផ្ទះជំនួបកំពូលហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ខណៈនៅសល់ពេលតែជាង៣ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជាធ្វើជាម្ចាស់នឹងមកដល់ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អមនៅរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី៤៧ នៃសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងការណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នៅឆ្នាំ២០២៦ ដោយផ្ដោតលើកិច្ចសហការអន្តរជាតិ ការពង្រឹងសន្តិភាព និងការទាក់ទាញវិស័យទេសចរណ៍ ។សម្រាប់កិច្ចប្រជុំកំពូលនេះដែរ កម្ពុជាត្រៀមស្វាគមន៍ និងផ្តល់អារម្មណ៍នៃភាពជាបងប្អូនជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីរដ្ឋសមាជិកចំនួន ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលរួមមាន សមាជិកពេញសិទ្ធិចំនួន ៥៣ប្រទេស ,សមាជិកពាក់ព័ន្ធ (Associate Members) ចំនួន ៥ប្រទេស និងអ្នកសង្កេតការណ៍ ចំនួន ៣២ ប្រទេស ។
ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូត និងអន្តរជាតិដ៏មានសារៈសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីភាពចាស់ទុំ សមត្ថភាព និងភាពជឿជាក់របស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕









អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ