លោក Trump ថា អាមេរិក មិនទាន់យល់ព្រមឱ្យ អ៊ុយក្រែន ផលិតមីស៊ីល សំណាញ់មេឃ Patriot នោះទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ សុក្រ ថា សហរដ្ឋអាមេរិកនៅមិនទាន់បានយល់ព្រមឱ្យអ៊ុយក្រែនផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot នៅឡើយទេ ។
ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ អះអាងថា ការចរចាកំពុងដំណើរការ ខណៈដែលសហរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការអនុញ្ញាតឱ្យប្រទេសណាមួយផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។
លោកប្រធានាធិបតី ត្រាំ បាននិយាយក្នុងបទសម្ភាសន៍មួយ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅឯជំរុំ Camp David ថា មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot គឺជាអាវុធដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំង ។
លោកថា ដូច្នេះ អាមេរិកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបច្ចេកវិទ្យាសម្ងាត់នេះ ពីព្រោះថ្ងៃណាមួយ បច្ចេកវិទ្យានេះអាចនឹងត្រូវគេយកមកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញក៏ថាបាន ។
បើតាម Straits Times, អ៊ុយក្រែនបានចាត់ទុកប្រព័ន្ធខែលការពារដែនអាកាស Patriot គឺជាតួឯករបស់ខ្លួន ដោយសារតែវាជួយឲ្យទីក្រុងកៀវ ដណ្ដើមបានទឹកមួយចំនួនពីរុស្ស៊ីមកវិញ ក្នុងអំឡុងការប្រយុទ្ធកាលពីរដូវរងា ។
ប៉ុន្តែដោយសារតែសហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដ៏ធំរបស់អ៊ុយក្រែន កំពុងជាប់ដៃធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ទើបធ្វើឲ្យអ៊ុយក្រែនខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់ សម្រាប់បំពាក់លើសំណាញ់មេឃមួយនេះ ។
ជាក់ស្ដែង ការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស Patriot នេះបានធ្វើឲ្យតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែនកាន់តែងាយរងគ្រោះ ដោយការវាយប្រហារដោយមីស៊ីលបាលីស្ទិកជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងរុស្ស៊ី ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
