ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ នៃប្រទេសឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ (Electronics and Computer Software Export Promotion Council – ESC) នៃប្រទេសឥណ្ឌា នៅទីស្តីការ ក.ប.ទ. កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងវិស័យឌីជីថល ដែលក្នុងនោះភាគីកម្ពុជាបានលើកឡើងអំពីទិសដៅការងាររបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសសួនឌីជីថល (Digital Park) និង ថ្នាល verify.gov.kh ព្រមទាំងបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាពិនិត្យលទ្ធភាពចូលរួមវិនិយោគនៅក្នុងសួនឌីជីថលនេះ។ បន្ថែមលេីពីនេះ កម្ពុជាក៏បានបង្ហាញពីអត្ថប្រយោជន៍ verify.gov.kh និងស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពសហប្រតិបត្តិការលើថ្នាល Verify នេះផងដែរ។
តាមរយៈជំនួបនេះភាគីឥណ្ឌាបាន៖ (១). ណែនាំអំពីគណៈប្រតិភូបច្ចេកវិទ្យាឥណ្ឌា, (២). ទិដ្ឋភាពទូទៅនៃចំណុចខ្លាំងរបស់ប្រទេសឥណ្ឌាក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន(IT) ,(៣). ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) ទីក្រុងឆ្លាតវៃ (Smart City) និងគ្រឿងបន្លាស់អេឡិចត្រូនិក,(៤). ការកំណត់វិស័យដែលមានសក្តានុពល សម្រាប់កិច្ចសហ-ប្រតិបត្តិការធុរកិច្ច,(៥). ការពិភាក្សាអំពីកិច្ចសហការនាពេលអនាគត ភាពជាដៃគូបច្ចេកវិទ្យា និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ដូចជា INDIASOFT 2027។
ជាទីបញ្ចប់ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ








