កូរ៉េខាងជើង ចោទ NATO ត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃ សៅរ៍ បានចេញមុខចោទប្រកាន់អង្គការណាតូចំៗថា កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយផ្អែកលើសកម្មភាពពង្រីកហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈ សម្រាប់ផ្គត់ផ្គង់យោធាពាសពេញតំបន់អឺរ៉ុបទាំងមូល ។

យោងតាមកាសែត KCNA, កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់លើផែនការកម្មវិធីពង្រីកសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អង្គការណាតូ ដោយបានអះអាងថា ផែនការនេះនឹងតភ្ជាប់បណ្តាញប្រេងឥន្ធនៈប្រវែងប្រមាណ ១០,០០០ គីឡូម៉ែត្រ នៅអឺរ៉ុបខាងលិចជាមួយប្រទេសជាសមាជិកថ្មីៗនៅអឺរ៉ុបខាងកើត និងខាងជើង ។

KCNA រាយការណ៍ថា ដើមឡើយ មានការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសជាសមាជិកណាតូ ដោយសារតែចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែចុងក្រោយ ពួកគេបានសម្របសម្រួលគ្នាវិញ ។

នេះបង្ហាញថា អង្គការណាតូកំពុងប្រកាន់ខ្ជាប់នូវការរៀបចំស្ដុកប្រេងបម្រុងយុទ្ធសាស្ត្រសម្រាប់សង្គ្រាម ដោយចាត់ទុកវាជាបញ្ហាដ៏សំខាន់បំផុត ។

យ៉ាងណា KCNA មិនបានបង្ហាញពីភស្ដុតាងគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនលើអង្គការណាតូ ជាពិសេសលើការអះអាងដែលថា ផែនការផ្គត់ផ្គង់ឥន្ធនៈ គឺបង្កើតឡើងដើម្បីគាំទ្រក្នុងពេលមានសង្គ្រាមនានាដែលស្ថិតក្រៅពីទ្វីបអឺរ៉ុបនោះទេ ។

ក្រៅពីរិះគន់ណាតូ កូរ៉េខាងជើងក៏បានថ្កោលទោសលើកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្ដាប្រទេសជាច្រើន ដែលរួមទាំងសមាជិកណាតូផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner