អាមេរិក ជំរុញពលរដ្ឋខ្លួនចាកចេញពីប្រទេសមជ្ឈិមបូព៌ាបន្ទាន់
វ៉ាស៊ីនតោន ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានចេញការព្រមានសន្តិសុខបន្ទាន់មួយ ដោយជំរុញឱ្យពលរដ្ឋខ្លួនទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងពិចារណាចាកចេញ ឬ ភៀសខ្លួនជាបន្ទាន់ចេញពីបណ្តាប្រទេសជាង ១០ នៅក្នុងតំបន់មួយនេះ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់កាន់តែពុះកញ្ជ្រោល ។
បើតាមស៊ីនហួរ, ការព្រមានសន្តិសុខបន្ទាន់នេះ បានកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមរួមដៃគ្នាបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដើម្បីបំផ្លាញគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ។
ឆ្លើយតបនឹងរបាយការណ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា អ៊ីរ៉ង់ក៏បានកំពុងរៀបចំផែនការទ្រង់ទ្រាយធំផងដែរ ដើម្បីសងសឹកទៅនឹងការវាយប្រហារណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលអាចកើតមានសំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលប្រទេសរបស់ខ្លួន ។
តាមរយៈគេហទំព័ររបស់ខ្លួន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជាច្រើន រួមមានអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ អេហ្ស៊ីប បារ៉ែន អេមីរ៉ាតអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត សុទ្ធតែបានជូនដំណឹងពីការព្រមានសន្តិសុខបន្ទាន់ដូចៗគ្នា ។
ការជូនដំណឹងនេះ បញ្ជាក់ថា ដោយសារតែភាពតានតឹងកើនឡើងខ្លាំងនៅមជ្ឈិមបូព៌ា និងបរិយាកាសសន្តិសុខនៅតែស្មុគស្មាញ បូករួមទាំងស្ថានការណ៍មិនអាចទាយទុកមុនបាននោះ ជនជាតិអាមេរិកនៅក្នុងតំបន់ គួរតែពិចារណាចាកចេញ ឬភៀសខ្លួនបន្ទាន់ ។
បន្ថែមលើនេះ ស្ថានទូតសហរដ្ឋអាមេរិកក៏បានណែនាំពលរដ្ឋខ្លួននៅមជ្ឈិមបូព៌ា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការលុបចោលជើងហោះហើរ ការបិទដែនអាកាសជាបណ្តោះអាសន្ន និងការរំខានដល់ការធ្វើដំណើរដែលអាចកើតមាន ។
ជាងនេះទៅទៀត ស្ថានទូតសហរដ្ឋអាមេរិកក៏បានណែនាំពលរដ្ឋខ្លួនដែលនៅក្រៅតំបន់ ឱ្យពិចារណាឡើងវិញយ៉ាងម៉ត់ចត់ អំពីការធ្វើដំណើរទៅកាន់ និងឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងទូលំទូលាយ ចំពេលមានការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការផ្អាកជាច្រើនថ្ងៃ ជាពិសេសការលេចចេញនូវជម្លោះដ៏ក្តៅគគុកថ្មីមួយ ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រក្រហម រវាងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន និងអារ៉ាប៊ីសាអូឌីត ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
