រុស្ស៊ី បំបែកកំណត់ត្រាវាយ អ៊ុយក្រែន, ១ខែ បាញ់មីស៊ីលអស់ ៣៧៦ គ្រាប់
មូស្គូ ៖ ប្រទេសរុស្ស៊ីបានបំបែកកំណត់ត្រាវាយប្រហារអ៊ុយក្រែនយ៉ាងចាស់ដៃ កាលពីខែកក្កដា ពោលមួយខែនេះពេញ ទីក្រុងមូស្គូបានបាញ់ស្រោចមីស៊ីលរហូតដល់ ៣៧៦គ្រាប់លើទីក្រុងកៀវ តួលេខនេះ កើនឡើងជាងពីរដង បើធៀបនឹងខែមិថុនា ។
បើតាម AFP, ខែមុន រុស្ស៊ីបានផ្តោតសំខាន់លើការវាយលុករដ្ឋធានីកៀវ ដែលជាបេះដូងប្រទេសអ៊ុយក្រែន ជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយចំនួន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ ២០២២ ក្នុងនោះមានមនុស្សរហូតដល់ ៣០នាក់ត្រូវបានសម្លាប់ ត្រឹមតែមួយយប់ប៉ុណ្ណោះកាលពីថ្ងៃទី២ ខែកក្កដា ។
ប្រភពរាយការណ៍ថា រុស្ស៊ីក៏បានបាញ់យន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយចំនួន ៤,៩៥៦ គ្រឿងវាយប្រហារអ៊ុយក្រែនផងដែរ ក្នុងអំឡុងខែកក្កដា តួលេខនេះ ធ្លាក់ចុះ ១៤ ភាគរយ បើធៀបនឹងខែមិថុនា ។
ទន្ទឹមគ្នា អ៊ុយក្រែនអាចមានសមត្ថភាពស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកភាគច្រើន ប៉ុន្តែនៅតែពឹងផ្អែកលើការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងមីស៊ីលរបស់រុស្ស៊ី ។
បច្ចុប្បន្ន ភាគីជម្លោះទាំងពីរបានបង្កើនការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមកឥតដាច់ ខណៈពេលដែលសង្គ្រាមអូសបន្លាយចូលដល់ឆ្នាំទី ៥ ទៅហើយនេះ គ្មានសញ្ញាណាមួយបង្ហាញពីការបញ្ឈប់នៅឡើយទេ ។
ជាក់ស្តែង យោងតាមអ្នកវិភាគយោធា, រុស្ស៊ីបានបង្កើនការបាញ់មីស៊ីលពីប្រមាណ ២០០ ទៅ ៣០០ គ្រាប់ពេញមួយឆ្នាំ ២០២៤ ។ ផ្អែកតាមទិន្នន័យផ្លូវការរបស់សារព័ត៌មាន AFP, អ៊ុយក្រែនអាចមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីតិចជាងមួយភាគបីប៉ុណ្ណោះ ។
ដូច្នេះហើយ ទើបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅជួបមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងខែកក្កដា ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលរបស់សំណាញ់មេឃ Patriot ដែលជាតួឯកតែមួយគត់ មានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ីបាន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
