អ៊ុយក្រែន ប្រកាសអស់មីស៊ីលសំណាញ់មេឃ Patriot ទប់ទល់មីស៊ីល រុស្ស៊ី ហើយ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ សុក្រ បានប្រកាសទទួលស្គាល់ថា អ៊ុយក្រែនបានអស់មីស៊ីលស្ទាក់ចាប់ សម្រាប់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកហើយ ។ នេះបើតាម Anadolu ចេញផ្សាយកាលពីថ្ងៃ សុក្រ ។
ពាក់ព័ន្ធកង្វះមីស៊ីលស្ទាក់ចាប់, លោកប្រធានាធិបតី ហ្សេលេនស្គី បានបង្ហោះសារអំពាវនាវលើបណ្តាញសង្គម Telegram ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យពន្លឿនការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriots បន្ថែម ដើម្បពង្រឹងការការពារដែនអាកាសរបស់ប្រទេសលោកជាបន្ទាន់ ។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា កង្វះខាតមីស៊ីលស្ទាក់ចាប់នេះ គឺជារឿងដែលជំរុញចិត្តឱ្យរុស្ស៊ីបន្តបង្កើនការវាយប្រហារសម្លាប់ជីវិតប្រជាជនស្លូតត្រង់ ។
ជាក់ស្តែង ការវាយប្រហារចុងក្រោយនេះ រុស្ស៊ីបានបាញ់យន្តហោះដ្រូនចំនួន ១៨៥គ្រឿង និងមីស៊ីលចំនួន ៣៥គ្រាប់ ក្នុងនោះមានមីស៊ីលបាលីស្ទិកចំនួន ២៧គ្រាប់ ។
ប៉ុន្តែសំណាញ់មេឃរបស់អ៊ុយក្រែន អាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិកបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ២៧គ្រាប់ ដោយសារតែគ្មានគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។
ការទទូចសុំមីស៊ីលស្ទាក់ចាប់របស់លោក ហ្សេលេនស្គី សាជាថ្មី កើតឡើងចំពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការស្ទាក់ស្ទើរ និងដកថយពីការសន្យាពីមុន ដែលថា នឹងផ្តល់អាជ្ញាប័ណ្ណឱ្យអ៊ុយក្រែនផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានចាត់ទុកប្រព័ន្ធខែលការពារដែនអាកាស Patriot គឺជាតួឯករបស់ខ្លួន ដោយសារតែវាជួយឲ្យទីក្រុងកៀវ ដណ្ដើមបានទឹកមួយចំនួនពីរុស្ស៊ីមកវិញ ក្នុងអំឡុងការប្រយុទ្ធកាលពីរដូវរងា ។
ប៉ុន្តែដោយសារតែសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដ៏ធំរបស់អ៊ុយក្រែន កំពុងជាប់ដៃធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ទើបធ្វើឲ្យទីក្រុងកៀវខ្វះខាតគ្រាប់សម្រាប់បំពាក់លើសំណាញ់មេឃមួយនេះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា



