សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលប្រជាជនខ្មែរស្គាល់ជាទូទៅថា គុកទួលស្លែង (ឬអតីតមន្ទីរសន្តិសុខ-២១) ជាទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជូរចត់ជាទីបំផុត របស់ប្រជាជនកម្ពុជា។ ពីអតីតសាលារៀនដែលផ្តល់ចំណេះ បានក្លាយជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ទាំងគ្មានកំហុសអ្វីទាល់តែសោះ ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ នៃរបបយង់ឃ្នងខ្មែរក្រហម។ ប៉ុន្តែនាពេលនេះ អតីតមន្ទីរឃុំឃាំងដ៏សាហាវព្រៃផ្សៃមួយនេះ បានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រ ដែលបានរម្លឹកមនុស្សជាតិគ្រប់រូបអំពីតម្លៃនៃសន្តិភាព និងសិទ្ធិមនុស្ស។
អង្គការ UNESCO បានសម្រេចចុះបញ្ជីសារមន្ទីរទួលស្លែង ចូលក្នុង «បញ្ជីស្មារតីចងចាំនៃពិភពលោក» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ គឺបង្ហាញអំពីការទទួលស្គាល់ជាសកលនូវសោកនាដកម្មដែលប្រជាជនកម្ពុជាធ្លាប់បានរងគ្រោះ និងឆ្លងកាត់យ៉ាងពិតប្រាកដពីរបបដ៏ខ្មៅងងឹតខ្មែរក្រហម។ សារមន្ទីរទួលស្លែងមិនមែនជាការរំលឹកឡើងវិញ ដើម្បីបង្កើតការសងសឹកនោះទេ ប៉ុន្តែជា «មេរៀនប្រវត្តិសាស្ត្រ» សម្រាប់មនុស្សលោកទាំងមូល ដើម្បីកសាងស្មារតីកសាង ការពារសន្តិភាព និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ ការចងចាំ ឬសិក្សាអំពីរបបយង់ឃ្នងខ្មែរក្រហម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងសាជាថ្មីម្តងទៀតឡើយនៅលើទឹកដីកម្ពុជា ឬនៅកន្លែងណាមួយនៅលើពិភពលោក៕

_________
ដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#សារមន្ទីរឧក្រិដ្ឋកម្ម#ទួលស្លែង#មន្ទីរសន្តិសុខ២១#UNESCO