ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំពង្រឹងការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានា ដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ ដើម្បីឱ្យប្រតិបត្តិការការងារកាន់តែរលូន និងមានភាពវិជ្ជមាន។
កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដាន វឌ្ឍនភាព និងដោះស្រាយករណីភាពមិនប្រក្រតីនានាដែលពាក់ព័ន្ធនិងវិស័យទេសចរណ៍ សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ពាក់ព័ន្ធនិងវិស័យទេសចរណ៍។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទក្រសួងប្រមាណ ៤០រូប។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំ និង ជំរុញឱ្យក្រុមការងារចំពោះកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់តាមដានប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ សំដៅធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន និងកាន់តែមានទំនុកចិត្តចំពោះដៃគូសហការពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជន ។
សូមជម្រាបជូនថា ក្រុមការងារចំពោះកិច្ចនេះ មានតួនាទី និងភារកិច្ចសំខាន់ៗក្នុងការប្រមូលព័ត៌មាន សិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់អង្គហេតុពាក់ព័ន្ធនិងភាពមិនប្រក្រតីនានាក្នុងវិស័យទេសចរណ៍ ព្រមទាំងទទួលពិនិត្យ អង្កេត ស្រាវជ្រាវ និងសម្របសម្រួល ដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារពីនីតិបុគ្គល និងរូបវន្តបុគ្គល ដែលអាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍៕


ដោយ ជាវ ចន្ធូ