បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង»
ភ្នំពេញ៖សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន តាកឹងបៃតង នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ការបង្កើតសហគមន៍ក្នុងគោលដៅជួយលើកស្ទួយជីវភាពដល់ជនភៀសសឹកតាមរយៈការរកប្រាក់ចំណូល ក៏ដូចជាបង្កើតការងារជូនដល់ជនភៀសសឹក ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតជាផ្លូវការ នាមណ្ឌលស្នាក់នៅបណ្តោះអាសន្នតាកឹងបៃតង នៅខេត្តព្រះវិហារ ។សហគមន៍កសិកម្មទំនើប«តាកឹងបៃតងសាមគ្គី» ដែលមានសមាជិកសរុប២៥៥គ្រួសារ បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួន ដើម្បីបោះឆ្នោតរៀបចំក្រុមប្រឹក្សាភិបាលសម្រាប់ការគ្រប់គ្រងសកម្មភាពចិញ្ចឹមមាន់ស្រែរួមគ្នាជាសហគមន៍ ដោយទទួលបានការគាំទ្រទាំងស្រុងពីក្រសួងកសិកម្ម ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស សម្ភារៈផលិតកម្ម ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន។
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម សមាជិកសហគមន៍ទាំង២៥៥នាក់ ម្នាក់ៗនឹងទទួលបានដូចជាទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ,ការគាំទ្រទីផ្សារពេលប្រមូលផលក្នុងតម្លៃសមរម្យ។
សូមជម្រាបថា កាលពីខែមិថុនាកន្លងទៅនេះ សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែបានបង្កើតជាលើកដំបូងមណ្ឌលស្នាក់នៅជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ។តាមរយៈគម្រោងនឹងត្រូវបង្កើតឡើងក្នុងខេត្តចំនួន៣គឺខេត្តបន្ទាយមានជ័យ ,ឧត្តរមានជ័យ និងខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដល់បងប្អូនជនភៀសសឹកក្នុងរង្វង់ពី ៣ទៅ៤ពាន់គ្រួសារ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំនេះដែរ។
ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍផ្នែកកសិកម្មបន្ថែម ដើម្បីធានាថាបងប្អូនជនភៀសសឹក អាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រកបដោយស្ថិរភាព។អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ពីសកម្មភាពកសិកម្មអាទិភាពចំនួន ៣ ដែលកំពុងត្រូវបានរៀបចំមានដូចជា ការដាំដុះដំណាំអាស្រ័យទឹកភ្លៀង ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។ជាមួយគ្នានេះជនភៀសសឹកនឹងទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានាតភ្ជាប់ទីផ្សារលក់ចេញទុកជាមុនទៀតផង៕








ដោយ៖ ម៉ាដេប៉ូ