ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ
ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពក្លាហានដ៏ឧត្តុង្គឧត្តម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នអនុវត្តច្បាប់កម្ពុជា ក្នុងការការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ។ ស្ថានទូតបានបង្ហាញការកោតសរសើបែបនេះ នៅក្នុងសាររំលែកទុក្ខចំពោះការពលីជីវិតរបស់មន្ត្រីនគរបាល និងប្រជាការពារចំនួន ៥នាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារមួយ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
ស្ថានទូតសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះការពលីជីវិតរបស់មន្ត្រីអនុវត្តច្បាប់ ក្នុងអំឡុងពេលបំពេញភារកិច្ច ដោយបានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងបានជូនពរឱ្យប្រជាការពារដែលរងរបួសធ្ងន់ឆាប់ជាសះស្បើយឡើងវិញផងដែរ។
ក្រោយមានហេតុណ៍កើតឡើង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពិធីបុណ្យសពជូនមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារដែលបានពលីជីវិតផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានកើតហេតុនោះ រួមទាំងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ ដើម្បីយកទៅផ្តន្ទាទាសតាមច្បាប់៕
សេង បារាំង AMS



