ក្រុមការងារចុះមូលដ្ឋានខេត្តកែប ជំរុញការអភិវឌ្ឍពហុវិស័យ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពុងជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើន នៅក្នុងខេត្តកែប ដូចជា អប់រំ សាធារណការ កសិកម្ម ទូរគមនាគមន៍ និងសុខាភិបាលជាដើម ដើម្បីកសាងសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញក្រុមការងារ ឲ្យបន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំ សាធារណការនិងដឹកជញ្ជូន កសិកម្មនិងអភិវឌ្ឍន៍ជនបទ ប្រៃសណីយ៍និងទូរគមនាគមន៍ សុខាភិបាល ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យទាំងនេះមានគោលដៅកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសរកប្រាក់ចំណូល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ និងបណ្តុះធនធានមនុស្សឱ្យមានគុណភាព ដើម្បីជំរុញឱ្យខេត្តកែបមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា កិច្ចការដំបូងដែលក្រុមការងារត្រូវយកចិត្តទុកដាក់ គឺការផ្លាស់ប្តូរផ្នត់គំនិតក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការរៀបចំសាលារៀនឱ្យមានបរិយាកាសល្អ មានទីធ្លាស្អាត បន្ទប់ទឹកសមរម្យ និងដាំដើមឈើបង្កើតជាម្លប់បៃតង។

ការរៀបចំបរិស្ថានសិក្សាបែបនេះ នឹងជួយបណ្តុះផ្នត់គំនិតដល់សិស្សានុសិស្សឱ្យចេះស្រឡាញ់ធម្មជាតិ រក្សាអនាម័យ មានសីលធម៌ សុជីវធម៌ និងចរិយាធម៌ ព្រមទាំងមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានលើកឡើងដែរថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតសំខាន់លើការបន្តរក្សាសុខសន្តិភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមយល់ឃើញថា នៅពេលប្រជាពលរដ្ឋមានជីវភាពធូរធារ នោះគុណតម្លៃនៃជីវិត របៀបរបប ប្រពៃណី ទំនៀមទម្លាប់ និងកត្តាសង្គមផ្សេងៗ នឹងមានឱកាសរីកចម្រើនទៅតាមនោះ។

ដើម្បីសម្រេចគោលដៅនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបត្រូវរួមគ្នាគិតគូរ ជំរុញការអភិវឌ្ឍវិស័យសំខាន់ៗ និងដោះស្រាយបញ្ហាប្រឈមនានា ដូចជា សំណង់មិនរៀបរយ អំពើហិង្សា ការបៀតបៀន ការប្រើប្រាស់គ្រឿងញៀន និងការបោះបង់ការសិក្សានៅវ័យក្មេងជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការទាំងនេះនឹងរួមចំណែកជំរុញឱ្យខេត្តកែបបោះជំហានទៅមុខបន្ថែមទៀត និងក្លាយជាទីកន្លែងប្រកបដោយសុវត្ថិភាព ផាសុកភាព និងទាក់ទាញ ដែលប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រាថ្នាចង់មកស្នាក់នៅ និងលំហែកម្សាន្ត៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner