ឯកឧត្តម ហ៊ុន ម៉ានី សរសើរក្រសួងអប់រំ និងជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ​គ្រប់ៗគ្នា។ ឯកឧត្តមក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន បំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារសិក្សាថ្មីនៃសាលាបឋមសិក្សាសំរោង ក្នុងខេត្តតាកែវកាលពីថ្ងៃអាទិត្យទី៩សីហា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាន​ជូនពរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ សូមមានសុខភាពល្អ ស្មារតីរឹងមាំ និងទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នានៅក្នុងការប្រឡងដ៏មានសារៈសំខាន់មួយនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា អង្គភាពថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា  ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំការប្រឡងនៅថ្ងៃចន្ទ និងអង្គារនេះ។

យោងតាមទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំនេះនេះមានមណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៥ម៉ឺននាក់ ក្នុងនោះបេក្ខជននារីមានចំនួនជាង ៨ម៉ឺន ៤ពាន់នាក់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner