ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន ជំរុញការវិនិយោគ និងការលើកទឹកចិត្តពន្ធដារនៅខេត្តមណ្ឌលគិរី
ភ្នំពេញ៖នៅខេត្តមណ្ឌលគិរីនាដើមសប្ដាហ៍នេះក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន(ក.វ.ឦសាន) បានជួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរីដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» និងផ្សព្វផ្សាយពីការលើកទឹកចិត្តផ្នែកពន្ធដារ ការសម្រួលនីតិវិធី និងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី។
កិច្ចប្រជុំពិភាក្សាត្រូវបានរៀបចំឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដោយមានការចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងតំណាងក្រុមហ៊ុន/ធុរជនជាច្រើនរូប។
ក្នុងជំនួបនេះ ក្រុមការងារបានលើកឡើងពីអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាច្រើន ដូចជាការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបន្ធូរបន្ថយទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅអាចស្នើសុំចុះបញ្ជីបាន។ លើសពីនេះ អាជីវកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារ អាចមកចុះបញ្ជីដោយស្ម័គ្រចិត្តត្រឹមដំណាច់ឆ្នាំ២០២៦ ដោយទទួលបានការលើកលែងពិន័យ និងបំណុលពន្ធកន្លងមក។
ទាក់ទងនឹងសំណួរនិងបញ្ហាប្រឈមលើការស្នើសុំសិទ្ធិប្រើប្រាស់ដីធ្លីរបស់រដ្ឋ ក្រុមការងារ និងអាជ្ញាធរខេត្តបានស្រាយបំភ្លឺថា ជាកិច្ចការស្មុគស្មាញនិងរសើប ដែលទាមទារឱ្យមានការពិនិត្យម៉ត់ចត់លើអនុលោមភាពច្បាប់ ស្ថានភាពដី និងសមត្ថភាពវិនិយោគិន មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេច។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក.វ.ឦសាន ត្រៀមខ្លួនជាស្រេចក្នុងការសម្រួលនីតិវិធីតាម «យន្តការច្រកចេញចូលតែមួយ» និងដោះស្រាយបញ្ហារាំងស្ទះជូនវិនិយោគិន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ ក.វ.ឦសាន ទទួលបានសំណើគម្រោងសរុបចំនួន ៧២គម្រោង ក្នុងទុនវិនិយោគ ២.៦៥០លានដុល្លារ។ ក្នុងនោះ ខេត្តមណ្ឌលគិរី មានចំនួន ២២គម្រោង ក្នុងទុនវិនិយោគ ៥១១លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាង ៥ពាន់កន្លែង (៥.០០៣កន្លែង) លើវិស័យអាទិភាព កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍៕





ដោយ៖ង៉ាន់ ទិត្យ