ក្រុមហ៊ុនផ្សារកសិផលធំបំផុតក្នុងលោក ចង់បង្កើតផ្សារបោះដុំកម្រិតអន្តរជាតិនៅភ្នំពេញ

ក្រុមហ៊ុនបារាំង SEMMARIS ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតក្នុងពិភពលោក កំពុងសិក្សាសមិទ្ធិលទ្ធភាពលើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅរាជធានីភ្នំពេញ។
 
លោក Thierry Febvay តំណាងក្រុមហ៊ុន SEMMARIS បានអះអាងដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ លោក Thierry Febvay បានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្មនៅកម្ពុជា ផងដែរ។
 
ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹង លើដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិខាងលើនេះ ឱ្យលេចចេញជារូបរាងពិតប្រាកដ។
 
បើតាមឯកឧត្តម ស៊ុន ចាន់ថុល គម្រោងនេះអនុវត្តក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group ដែលបានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
 
គម្រោងនេះត្រូវបានវាយតម្លៃថា ជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាលីករដ៏សំខាន់ ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនប្រជាកសិករ។ ជាងនេះទៅទៀត វានឹងជួយលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារតំបន់ និងសកលលោកនាពេលអនាគត។
 
លោក សុខ សុថា អ្នកជំនាញកសិកម្ម បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន កម្ពុជានៅតែមានការនាំចូល បន្លែ ត្រី សាច់ពីខាងក្រៅ ហើយភាគច្រើននាំចូលពីប្រទេសវៀតណាម ចិន និងក្រៅតំបន់អាស៊ាន ពិសេសកសិផលថ្មី ដូចជា ទឹកដោះគោ ដែលកំពុងមានតម្រូវការកាន់តែខ្ពស់នៅកម្ពុជា។
 
បើតាមលោក សុខ សុថា ​រហូតមកដល់ពេលនេះ កសិផលកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបានប្រហែលជា ៧០ ទៅ ៨០ភាគរយ នៃតម្រូវការក្នុងស្រុក។ ការផលិតក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ពិសេសចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃកន្លងមក។ ដូច្នេះ លោកយល់ឃើញថា ប្រសិនគម្រោងនិយោគនេះលេចចេញជារូបរាងពិតប្រាកដ វាពិតជាជួយពន្លឿនតម្រូវការទីផ្សារកសិផលក្នុងស្រុកបានពេញលេញ ក៏ដូចជាពង្រីកសមត្ថភាពនាំចេញកាន់តែច្រើន។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលកសិករខ្មែរផលិតបាន៕

ខន ណារី AMS

ads banner