កូរ៉េខាងត្បូង ស្នើចរចាជាមួយ កូរ៉េខាងជើង ដើម្បីពន្លត់ភ្លើងសង្គ្រាមកូរ៉េជាផ្លូវការ
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃ សៅរ៍ បានស្នើចង់ឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីបិទបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េ ។
លោក Lee បានស្នើបែបនេះ នៅក្នុងសុន្ទរកថារបស់លោក អំឡុងពិធីរំលឹកខួប នៃការរំដោះឧបទ្វីបកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន កាលពីឆ្នាំ១៩១០-១៩៤៥ ។
ហើយសំណើនេះ ក៏កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ព្រមទាំងអះអាងពីឋានៈរបស់ខ្លួនជា “មហាអំណាចនុយក្លេអ៊ែរ” ដែលមិនអាចបកត្រឡប់ក្រោយវិញដាច់ខាត ។
បើតាម AFP, លោកប្រធានាធិបតី Lee និយាយថា ចូរយើងបោះបង់ចោលចេតនាគំរាមកំហែងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមការពិភាក្សា ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់ ។
មេដឹកនាំកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា តាមរយៈនេះ ក៏អាចមានការពិភាក្សាផងដែរ អំពីវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២៥ លោកប្រធានាធិបតី Lee ត្រូវបានមើលឃើញថា ជាប្រធានាធិបតីប្រកាន់ជំហរទន់ភ្លន់ចំពោះកូរ៉េខាងជើង ដោយលោកបានផ្តល់សំណើបើកកិច្ចចរចា ដោយគ្មានលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាង ដែលជាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ ។
បើតាមបច្ចេកទេស, ប្រទេសកូរ៉េទាំងពីរ សព្វថ្ងៃនៅតែស្ថិតក្នុងស្ថានភាពមានសង្គ្រាមនឹងគ្នា ដោយសារជម្លោះកាលពីឆ្នាំ ១៩៥០-១៩៥៣ ដែលបង្កឡើងដោយការវាយប្រហាររបស់កូរ៉េខាងជើង បានបញ្ចប់ទៅ តែតាមរយៈត្រឹមបទឈប់បាញ់ប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

