ប្រធាធិបតីអ៊ីរ៉ង់ទទួលស្គាល់ថា សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ប៉ះពាល់សេដ្ឋកិច្ចអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងកាលពីថ្ងៃ សៅរ៍ ថា សេដ្ឋកិច្ចអ៊ីរ៉ង់បានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះប្រាក់ចំណូលពីការលក់ប្រេង និងការបំផ្លិចបំផ្លាញរោងចក្រឧស្សាហកម្មជាច្រើន ។

លោក Pezeshkian បានទទួលស្គាល់ជាសាធារណៈអំពីវិបត្តិសេដ្ឋកិច្ចអ៊ីរ៉ង់ បន្ទាប់ពីសាធារណរដ្ឋឥស្លាមមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។

បើតាម Anadolu, មេដឹកនាំអ៊ីរ៉ង់រូបនេះ បានរៀបរាប់ថា ការកើនឡើងនៃតម្លៃទំនិញ គឺបណ្តាលមកពីថ្លៃចំណាយខ្ពស់ និងការធ្លាក់ចុះប្រាក់ចំណូលរដ្ឋ ដែលជាផលវិបាកនៃការធ្លាក់ចុះបរិមាណលក់ប្រេង ។

លោក Pezeshkian បញ្ជាក់ថា កាលពីមុន យើងធ្លាប់លក់ប្រេងបាន ប៉ុន្តែពេលនេះ យើងមិនអាចលក់វាបានទៀតទេ ដោយសារការបិទខ្ទប់ផ្លូវទឹក និងទណ្ឌកម្មសេដ្ឋកិច្ច ។

លោកបន្ថែមថា ការខូចខាតរោងចក្រឧស្សាហកម្មរបស់អ៊ីរ៉ង់ អំឡុងសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ក៏បានអូសទាញស្ថានភាពសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិ ពីព្រោះគូរសត្រូវទាំងពីរបានព្រួតគ្នាវាយប្រហារតម្រង់គោលដៅ និងបំផ្លាញរោងចក្រជាច្រើន ។

លោកបានសង្កត់ធ្ងន់ថា ការខូចខាតទាំងនេះ បានប៉ះពាល់ដល់ប្រាក់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយសារតែរដ្ឋមិនអាចប្រមូលពន្ធពីរោងចក្រឧស្សាហកម្មបានទៀតទេ ផ្ទុយទៅវិញ រដ្ឋាភិបាលត្រូវចំណាយទុនជាតិ ដើម្បីជួយឧបត្ថម្ភដល់រោងចក្រទាំងនោះ ឱ្យអាចបន្តដំណើរការទៅមុខទៀតបាន ។

យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៦,១% ក្នុងឆ្នាំ២០២៦នេះ ខណៈដែលអត្រាអតិផរណាកើនឡើងជិត ៦៩% ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២ និងបដិវត្តន៍ឆ្នាំ១៩៩៩មក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner