អតីតសមាជិកសភាអាមេរិក ៖ រដ្ឋបាលលោក Trump កំពុងពិចារណាប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ អតីតសមាជិកសភាអាមេរិក លោកស្រី Marjorie Taylor Greene បានអះអាងកាលពីថ្ងៃ អាទិត្យ ថា កិច្ចប្រជុំយុទ្ធសាស្ត្រកម្រិតខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងប្រព្រឹត្តទៅ ដើម្បីពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលអាចកើតមានប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។
លោកស្រី Greene បានចោទប្រកាន់តាមបណ្តាញសង្គម X ថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាបន្ថយលក្ខខណ្ឌតឹងរ៉ឹង ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ទោះបីជាលោកប្រធានាធិបតី Donald Trump បានប្រកាសពីជ័យជម្នះជាច្រើនលើកនៅក្នុងសង្គ្រាម ហើយបានគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ក៏ដោយ ។
អតីតសមាជិកសភាអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់រដ្ឋបាលលោក Trump ចំៗថា បានមើលរំលងការវាយតម្លៃរបស់ភ្នាក់ងារសម្ងាត់ផ្ទៃក្នុង ដែលបង្ហាញថា អ៊ីរ៉ង់មិនបានខិតជិតដល់ការផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែបែរជាទៅជឿជាក់ការអះអាងរបស់អ៊ីស្រាអែលវិញ ។
លោកស្រីបានព្រមានធ្ងន់ៗថា ប្រសិនបើការវាយប្រហារបែបនេះកើតឡើងមែន នោះវានឹងបង្កទៅជាសង្គ្រាមដ៏បំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក ដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងការស្លាប់បាត់បង់ជីវិតមនុស្សយ៉ាងច្រើនមិនធ្លាប់មាន ។
ជាមួយគ្នានេះ លោកស្រី Greene បានអំពាវនាវដល់ប្រជាជនអាមេរិក ក្រោកឈរឡើងរួមគ្នាបញ្ឈប់នូវអ្វីដែលលោកស្រីហៅថា ជា “ភាពឆ្កួតលីលា” នេះ ដោយលោកស្រីបន្ថែមថា មេដឹកនាំបច្ចុប្បន្ននឹងត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រសិនបើជម្លោះនុយក្លេអ៊ែរកើតឡើងមែននោះ ។
យ៉ាងណា សេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ភ្នាក់ងារព័ត៌មាន Anadolu ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនេះនៅឡើយទេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
