អ៊ីរ៉ង់ ប្រកាសបិទច្រកហ័រមូស រហូតទាល់តែអាមេរិកបំពេញតាមការទាមទារ
តេហេរ៉ង់ ៖ អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ghalibaf បានថ្លែងកាលពីថ្ងៃអង្គារថា ច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នឹងមិនត្រូវបានបើកឡើយ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមការទាមទាររបស់ទីក្រុងតេហេរ៉ង់ រួមទាំង ការដកចេញនូវការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹក។
លោក Mohammad Bagher Ghalibaf បានថ្លែងនៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍រដ្ឋថា «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ច្រកសមុទ្រ Hormuz នឹងមិនបើកឡើយ រហូតទាល់តែការប្តេជ្ញាចិត្តរបស់អាមេរិកដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា… ត្រូវបានអនុវត្ត»។
លោកបានរាយនាមបញ្ជីការទាមទារនានា រួមមាន ការដកចេញនូវការបិទផ្លូវសមុទ្រ, ការលុបចោលទណ្ឌកម្មលើប្រេង និងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក នៅបរទេស។
ការទាមទារទាំងនេះធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីខែមិថុនា ប៉ុន្តែ កិច្ចព្រមព្រៀងនោះបានបរាជ័យ នៅពេលក្រោយមក។
សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលបង្កឱ្យមានជម្លោះនៅទូទាំងតំបន់។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ចាប់តាំងពីថ្ងៃទី៨ ខែមេសា បានបញ្ចប់ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ប៉ុន្តែ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតែបន្តកើតមាន ជាពិសេសនៅក្នុង និង ជុំវិញច្រកសមុទ្រ Hormuz។
អ៊ីរ៉ង់បានរក្សាការគ្រប់គ្រងលើច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់ពិភពលោក ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ដោយតម្រូវឱ្យនាវាសុំការអនុញ្ញាត និង បង់ថ្លៃសេវាឆ្លងកាត់ ដែលជាវិធានការមួយត្រូវបានជំទាស់ដោយទីក្រុងវ៉ាស៊ីនតោន និងប្រទេសមួយចំនួនក្នុងតំបន់។
អ៊ីរ៉ង់ និង អូម៉ង់ ដែលសុទ្ធតែជាប្រទេសមានឆ្នេរសមុទ្រជាប់ច្រក Hormuz បានពិភាក្សាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ អំពីអនាគតនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ ដោយទីក្រុងតេហេរ៉ង់បាននិយាយថា កូអរដោណេភូមិសាស្ត្រនៃផ្លូវដែលប្រទេសទាំងពីរគ្រោងទុកនោះ «ត្រូវបានឯកភាពគ្នាហើយ»៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត