រថយន្តម៉ាក GAC និង Chevrolet គ្រោងនឹងសម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជាក្នុងឆ្នាំនេះ
រថយន្តយីហោល្បីម៉ាក GAC និង Chevrolet បានដំណើរការដំឡើងបឋមនៅកម្ពុជាផ្ទាល់នាពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន ដែលទទួលបានសិទ្ធិផ្ដាច់មុខរថយន្តម៉ាកទាំង២ បានពង្រីកការ វិនិយោគលើការសាងសង់រោងចក្រផ្គុំ និងដំឡើងរួចមក។
ក្នុងជំនួបសម្ដែងគួរសមនិងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី ១៨ ខែសីហា លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.បានជម្រាបជូន សម្ដេចនាយករដ្ឋមន្រ្តីពីប្រតិបត្តិការនិងវឌ្ឍនភាពនៃការរកស៊ីនៅកម្ពុជា។
ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ។ ជាភាពរីកចម្រើនក្រុមហ៊ុនបានពង្រីកការ វិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះនៅក្នុងប្រទេសផ្ទាល់ ដោយសាងសង់រោងចក្របង្គុំ និងដំឡើងរថយន្ត ទាំង២ម៉ាករួចរាល់ និងបានចាប់ផ្តើមដំណើរការបឋមនាពេលថ្មីៗនេះ ផងដែរ។
តាមរយៈវឌ្ឍនភាពជាបន្តបន្ទាប់ ក្រុមហ៊ុន មានបុគ្គលិកចំនួន២៥០នាក់កំពុងបម្រើការងារនៅរោងចក្រ ដែលសុទ្ធសឹងជាបុគ្គលិកទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ធានាបាននូវរថយន្តមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា ។
ជាមួយនឹងសេចក្តីរាយការណ៍របស់ខ្លួន លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.បានគោរពអញ្ជើញសម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះក្នុងពេលវេលាសមស្របណាមួយក្នុងឆ្នាំនេះ ។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ,ជាការឆ្លើយតបសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត ។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលការវិនិយោគលើវិស័យនេះបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ ។សម្ដេចធិបតីបានបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង ។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕


ដោយ៖ស៊ូ វណ្ណលុក