រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តចុះស្វែងរកដំណោះស្រាយជូនសាលាដូងនៅលើភ្នំគីរីរម្យ
កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរការជាក់ស្តែងរបស់សាលារៀនមួយនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាលាដូង ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមារមានចិត្តស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បង្កើតឡើងដោយលោក អ៊ុក វណ្ណដេ បច្ចុប្បន្ន សាលាដូងកំពុងផ្តល់ការបណ្តុះបណ្តាលបំណិនជីវិតដល់កុមារជាង ១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមរំលឹកថា បន្ទាប់ពីមានការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានឱ្យរុះរើសំណង់មិនរៀបរយក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យ ដែលអាចប៉ះពាល់ដល់ដំណើរការរបស់សាលាដូង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចភ្លាមៗជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះស្វែងរកដំណោះស្រាយសមស្រប និងមានចីរភាព ដើម្បីធានាឱ្យសាលារៀនមួយនេះ អាចបន្តបេសកកម្មអប់រំដល់កុមារនៅទីនោះជាធម្មតា។
ចំណាត់ការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងពីសាធារណជន។ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រៅពីការរក្សាសាលាដូងឱ្យដំណើរការបន្ត លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តគួរតែទទួលបានការលើកទឹកចិត្តបន្ថែម ជាពិសេសការជួយកសាងអគារសិក្សាបន្ថែមសម្រាប់សិស្សានុសិស្ស។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះវិធានការរបស់សម្ដេចនាយករដ្ឋមន្ត្រី ដោយលោកចាត់ទុកការផ្អាកការរុះរើសាលាដូងថា គឺស្របទៅនឹងគោលការណ៍អភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។ លើសពីនេះ លោកបានស្នើឱ្យមានវិធានការបន្ថែម ដើម្បីធានានិរន្តរភាពរបស់សាលាមួយនេះ។
លោកបណ្ឌិត ឈត ប៊ុនថង បន្តដូច្នេះថា «ក្រៅពីការផ្អាករុះរើ រដ្ឋាភិបាលអាចមានចំណែកណាមួយ ឬរដ្ឋអាចរកដៃគូណាមួយ វិស័យឯកជនណាមួយ អាចជួយគាំទ្រសាលាហ្នឹងឱ្យពង្រឹងខ្លួនឈរឡើងវិញ»៕
អត្ថបទដោយ៖ ខន ណារី និង ង៉ាន់ ទិត្យ (AMS)





