អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានយោធា អាមេរិក នៅក្នុងបណ្តាប្រទេសអឺរ៉ុប
តេហេរ៉ង់ ៖ អ៊ីរ៉ង់គំរាមនឹងវាយប្រហារគោលដៅមូលដ្ឋានយោធាអាមេរិកនានានៅទ្វីបអឺរ៉ុប ប្រសិនបើលោក ដូណាល់ ត្រាំ ធ្វើឲ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង ។ នេះបើតាមការចេញផ្សាយ របស់កាសែត Financial Times នៅថ្ងៃពុធនេះ ។
ប្រភពព័ត៌មាននៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍ប្រាប់កាសែត Financial Times ថា អ៊ីរ៉ង់បានរៀបចំគម្រោងពន្លាតការវាយប្រហារចេញពីបណ្តារដ្ឋឈូងសមុទ្រធ្លាយមកកាន់ទ្វីបអឺរ៉ុបបែបនេះ កើតមានឡើង បន្ទាប់ពីលោក ត្រាំ អះអាងថា តំបន់ច្រកសមុទ្រ ហ័រម៉ូស គឺជាទឹកដីរបស់អាមេរិក ។
ប្រភពដដែលបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានពិចារណាលើការវាយប្រហារគោលដៅអាមេរិក នៅតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ក្នុងនោះមានទាំង ប៊ុលហ្គារី ផងដែរ ដែលជាប្រទេសបានអនុញ្ញាតឱ្យយន្តហោះចាក់ប្រេងរបស់អាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួនកាលពីខែមុន ។
ប្រភពមួយទៀតនិយាយថា ប្រទេសស៊ីបក៏ត្រូវបានកំណត់ជាគោលដៅ ដែលអាចនឹងត្រូវវាយប្រហារផងដែរ ។ ជាក់ស្តែង កាលពីខែមីនា មូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសមួយកន្លែងនៅលើប្រទេសជាកោះមួយនេះ ក៏ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនអ៊ីរ៉ង់ផងដែរ ។
ជាមួយគ្នានេះ កងកម្លាំងអ៊ីរ៉ង់ក៏បានពិនិត្យមើលលទ្ធភាពនៃការវាយប្រហារលើខ្សែកាបអុបទិកក្រោមបាតសមុទ្រ នៅក្នុងច្រកសមុទ្រហ័រម៉ូស ផងដែរ ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើង។
បើតាម independent, ការគំរាមថ្មីៗនេះ បានកើតឡើង នៅពេលដែលលោក ត្រាំ បាននិយាយថា គ្មានការចរចា ឬ កិច្ចសន្ទនាណាមួយកំពុងដំណើរការ ឬ ត្រូវបានគ្រោងទុកជាមួយអ៊ីរ៉ង់នោះទេ ។
ទន្ទឹមនឹងនេះ ប្រទេស អារ៉ាប់រួម ក៏បានដាក់ចេញនូវការហាមឃាត់ការធ្វើពាណិជ្ជកម្មគ្រប់ប្រភេទ ជាមួយ អ៊ីរ៉ង់ ដោយគ្មានកំណត់ពេលវេលាផងដែរ បន្ទាប់ពីបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា ទើបបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ មកលើប្រទេសរបស់ខ្លួន។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អារ៉ាប់រួម ដោយចាត់ទុកថា ជាការអះអាងដែលគ្មានមូលដ្ឋាន ៕
ប្រភព៖ independent, ប្រែសម្រួល ៖ សារ៉ាត