ហុងឌូរ៉ាស ដាក់តំបន់ ៨០% នៃប្រទេសស្ថិតក្នុងស្ថានភាពប្រកាសអាសន្នអំពីគ្រោះរាំងស្ងួត
តេហ្គូស៊ីហ្គាប៉ា ៖ ប្រទេស ហុងឌូរ៉ាស ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល កាលពីថ្ងៃពុធ បានប្រកាស ដាក់ ៨០% នៃទឹកដីប្រទេសទាំងមូល ឱ្យស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារគ្រោះរាំងស្ងួត អែល នីណូ។
រដ្ឋាភិបាលបានដាក់ ៨០% នៃប្រទេស រួមទាំង រដ្ឋធានីតេហ្គូស៊ីហ្គាប៉ាផងដែរ ឱ្យស្ថិតក្នុងស្ថានភាពអាសន្នដោយសារគ្រោះរាំងស្ងួត ខណៈដែលអែលនីណូ (El Niño) បានដុតបំផ្លាញដំណាំ និងបណ្តាលឱ្យសត្វពាហនៈងាប់ ដោយសារការស្រេកទឹក។
គំរូអាកាសធាតុ អែលនីណូ ធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតឡើងកម្តៅ ដែលបង្កឱ្យមានការប្រែប្រួលខ្យល់, សម្ពាធបរិយាកាស និងគំរូទឹកភ្លៀងទូទាំងពិភពលោក ព្រមទាំង បណ្តាលឱ្យសីតុណ្ហភាពសកលកាន់តែក្តៅ។
អែលនីណូនៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថា ជាបាតុភូតដ៏ខ្លាំងបំផុតមួយក្នុងកំណត់ត្រា។ ថ្មីៗនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា តំបន់អាមេរិកកណ្តាលនឹងក្លាយជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីបញ្ហាអត់ឃ្លាន ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារបាតុភូត El Niño។
ប្រទេស El Salvador, Nicaragua និង Honduras បានបំបែកកំណត់ត្រាសីតុណ្ហភាពប្រចាំខែទាំងនៅក្នុងខែមិថុនា និងខែកក្កដា ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការអត់ឃ្លាន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត