NATO ប្រកាសត្រៀមខ្លួនឆ្លើយតបរួចរាល់ ក្រោយ អ៊ីរ៉ង់ គំរាមវាយ អាមេរិក ដល់ទឹកដីអឺរ៉ុប
ព្រុចសែល ៖ អង្គការណាតូប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបការគំរាមកំហែងណាមួយ ដែលអាចកើតមាន ប្រសិនបើប្រទេសអ៊ីរ៉ង់ហ៊ានវាយប្រហារគោលដៅយោធាអាមេរិកនៅក្នុងទឹកដីរបស់អឺរ៉ុប ។ នេះបើតាម Times of Israel ចេញផ្សាយកាលពីថ្ងៃ ពុធ ។
មន្ត្រីអង្គការណាតូម្នាក់ បានអះអាងបែបនេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា កំពុងថ្លឹងថ្លែងជម្រើសវាយប្រហារគោលដៅយោធាអាមេរិកនៅអឺរ៉ុប ក្នុងករណីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែរីកធំឡើង ។
យោងតាមកាសែត Financial Times, អ៊ីរ៉ង់បានរៀបចំផែនការវាយលុកកំណត់គោលដៅលើទ្រព្យសម្បត្តិយោធាអាមេរិកនៅអឺរ៉ុប ប្រសិនបើលោកប្រធានាធិបតី ត្រាំ ធ្វើឱ្យជម្លោះកាន់តែមានភាពធ្ងន់ធ្ងរថែមទៀត ខណៈមេដឹកនាំអាមេរិករូបនេះបានបញ្ចេញរូបភាព និងអះអាងថា ច្រកសមុទ្រហ័រមូស ជាដែនដីសហរដ្ឋអាមេរិក ។
ផ្អែកតាមប្រភពពីមន្រ្តីអ៊ីរ៉ង់ពីរនាក់, របបដឹកនាំទីក្រុងតេហេរ៉ងបានពិចារណាវាយប្រហារលើទ្រព្យសម្បត្តិយោធាអាមេរិក នៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប រួមទាំងប៊ុលហ្គារី ព្រោះកាលពីខែមុន ប្រទេសនេះបានបើកដៃឱ្យយន្តហោះចាក់សាំងរបស់អាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួន ។
ប្រភពបានទម្លាយឱ្យដឹងទៀតថា កងកម្លាំងអ៊ីរ៉ង់ក៏បានពិចារណាអំពីលទ្ធភាពវាយប្រហារកំណត់គោលដៅលើខ្សែកាបអុបទិកក្រោមសមុទ្រនៅច្រកសមុទ្រហ័រមូស ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើងផងដែរ ៕



ប្រភព ៖ Times of Israel និង Financial Times ប្រែសម្រួល ៖ ឈឹម ទីណា