ចិន ព្រមាន ជប៉ុន កុំលេងជាមួយភ្លើងលើអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ក្រុងតូក្យូសំងំផលិតជាង ៥ ពាន់ក្បាលគ្រាប់
មូស្គូ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានទៅដល់ប្រទេសជប៉ុនកុំឲ្យលលេងជាមួយភ្លើងពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែរ ក្រោយរកឃើញថា ទីក្រុងតូក្យូកំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥ពាន់ ៥០០ គ្រាប់ ។
លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា «ប្រសិនបើទីក្រុងតូក្យូសម្រេចចិត្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន តុល្យភាពយុទ្ធសាស្ត្រនៅអាស៊ីឦសាននឹងត្រូវរង្គោះរង្គើទាំងស្រុង ហើយការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ក៏អាចនឹងផ្ទុះឡើង នៅពេលណាមួយ ។
លោកថា ប្រសិនបើកងកម្លាំងស្តាំនិយមរបស់ជប៉ុននៅតែបន្តលេងជាមួយភ្លើងលើបញ្ហាគោលនយោបាយនុយក្លេអ៊ែរ នោះនៅទីបំផុត ប្រជាជនជប៉ុននឹងត្រូវប្រឈមការវិនិច្ឆ័យពីប្រវត្តិសាស្ត្រម្តងទៀត ។
បើតាមលោកឯកអគ្គរដ្ឋទូតចិនរូបនេះ, កង្វល់ធ្ងន់ធ្ងរមួយទៀតគឺសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុន ។ ជប៉ុនគឺជាប្រទេសតែមួយគត់ដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានបច្ចេកវិទ្យាកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច ព្រមទាំងមានសមត្ថភាពអាចចម្រាញ់យកផ្លូតូនីញ៉ូមកម្រិតសម្រាប់ផលិតអាវុធបានផងដែរ ។
គិតត្រឹមចុងឆ្នាំ ២០២៤ ជប៉ុនមានផ្លូតូនីញ៉ូម ដែលបានចម្រាញ់ចេញពីឥន្ធនៈនុយក្លេអ៊ែរប្រើប្រាស់រួចចំនួន ៤៤.៤ តោន ។ បរិមាណនេះគឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,៥០០គ្រាប់ ។
លើសពីនេះទៅទៀត កន្លែងស្តុកឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួចរបស់ជប៉ុន ក៏មានផ្ទុកផ្លូតូនីញ៉ូមចំនួន ១៩១ តោនដែលមិនទាន់ត្រូវបានចម្រាញ់ចេញផងដែរ ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត