អ៊ុយក្រែន បង្អួតដ្រូនថ្មីអាចហោះទម្លុះមេឃទៅវាយ រុស្ស៊ី ក្នុងចម្ងាយជាង ២ ពាន់គីឡូម៉ែត្រ
កៀវ ៖ ប្រទេសអ៊ុយក្រែនបានបង្អួតយន្តហោះដ្រូនម៉ូដែលថ្មីឈ្មោះថា T40 ដែលមានសមត្ថភាពហោះហើរទម្លុះមេឃក្នុងចម្ងាយជាង ២,០០០ គីឡូម៉ែត្រ ពោលអាចវាយប្រហារដល់គោលដៅនៅតំបន់ Urals និង Siberia របស់ប្រទេសរុស្ស៊ី ។
បើតាម RBC-Ukrain, T40 គឺជាប្រភេទយន្តហោះដ្រូនយុទ្ធសាស្រ្តពហុមុខងារ ផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់អ៊ុយក្រែន ដោយផ្អែកតាមបទពិសោធន៍ពីដ្រូនម៉ូដែលមុន គឺ T20 ដែលដាក់ឱ្យប្រយុទ្ធកាលពីឆ្នាំ២០២២ ។
ដ្រូន T40 មានស្លាបប្រវែង ៥ ម៉ែត្រ ជាមួយនឹងសមត្ថភាពហោះហើរសំកាំងខ្លួនលើអាកាសលើស ២៤ម៉ោង ដែលធ្វើឱ្យវាសមស្របសម្រាប់បេសកកម្មប្រយុទ្ធ និងស៊ើបការណ៍ចម្ងាយឆ្ងាយ ដើម្បីប្រមូលព័ត៌មានសត្រូវ និងផ្តល់ព័ត៌មានសម្រាប់ការវាយប្រហារ ។
ចំណុចលេចធ្លោរបស់វា គឺអាចហោះហើរពាំគ្រាប់រំសេវយកទៅទម្លាក់បំផ្ទុះកម្ទេចគោលដៅសត្រូវ ឬអាចប្រើជាយន្តហោះដ្រូនអត្តឃាត Kamikaze ដើម្បីរត់បំបុកបំផ្លាញទីតាំងសត្រូវតែម្តង ។
អ្វីដែលពិសេសជាងនេះ ដ្រូន T40 ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាសញ្ញារ៉ាដាទាបបំផុត, ម៉ាស៊ីនដំណើរការខ្ពស់ជាមួយនឹងប្រព័ន្ធចាក់ប្រេងឥន្ធនៈអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធប្រឆាំនឹងសង្គ្រាមអេឡិចត្រូនិច ។
យ៉ាងណា ក្រសួងការពារជាតិអ៊ុយក្រែនមិនទាន់បង្ហាញជាសាធារណៈចំពោះទិន្នន័យលម្អិតមួយចំនួន ដូចជា តម្លៃ ល្បឿន កម្ពស់ហោះហើរ ក៏ដូចជាទម្ងន់ផ្ទុកអាវុធ នៅឡើយ ។
ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ក្រសួងការពារជាតិអ៊ុយក្រែនបានអនុញ្ញាតឱ្យកងកម្លាំងការពារជាតិប្រើប្រាស់យន្តហោះដ្រូនថ្មីៗសរុបចំនួន ៤១៣ ប្រភេទហើយ ខណៈស្ទើរតែទាំងអស់នៃដ្រូនទាំងនោះសុទ្ធសឹងតែផលិតនៅក្នុងស្រុកផ្ទាល់ ៕
ប្រភព ៖ RBC-Ukrain ប្រែសម្រួល ៖ ឈឹម ទីណា

