ដាណឺម៉ាក ថា បញ្ហា Greenland នៅមិនទាន់បញ្ចប់ទេ, ទាមទារឲ្យអឺរ៉ុបការពាររួមគ្នា
កូប៉ិនហាក ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Frederiksen បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិនៅតំបន់ Greenland នៅមិនទាន់បញ្ចប់នោះទេ ដោយលោកស្រីបានទាមទារឲ្យអឺរ៉ុបការពាររួមគ្នា។ ជាតំបន់ប្រកបដោយសក្តានុពលរ៉ែសំខាន់ៗ និងធនធានធម្ម ដែលត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ស្វែងរកការគ្រប់គ្រង។
នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំបណ្តាប្រទេសតំបន់ Nordic, នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា អឺរ៉ុបត្រូវតែផ្លាស់ប្តូរគោលនយោបាយកាត់បន្ថយអាវុធដែលបានអនុវត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីក្រោយសម័យសង្គ្រាមត្រជាក់ និងត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
លោកស្រីក៏បានកោតសរសើរចំពោះ ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បណ្តាប្រទេស Nordic ដែលបានបង្ហាញឡើង ក្នុងអំឡុងពេលមានភាពតានតឹង ពាក់ព័ន្ធនឹងតំបន់ Greenland ផងដែរ។
លើសពីនេះ លោកស្រី Frederiksen បានព្រមានថា «វិបត្តិនេះមិនមែនជារឿងដែលយើងអាចនិយាយបានថា បញ្ចប់រួចរាល់ហើយនោះទេ»។ លោកស្រីថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ក្នុងចំណោមប្រទេសតំបន់ Nordic។
ចាប់តាំងពីឡើងមកគ្រប់គ្រងសេវិមានឡើងវិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក តែងតែធ្វើការអំពាវនាវដដែលៗ សម្រាប់សហរដ្ឋអាមេរិកឱ្យដណ្តើមយកតំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពី Greenland ដាណឺម៉ាក និងសហភាពអឺរ៉ុប៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត