ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថ្លែងអំណរគុណនិងកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះ សម្តេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ,ថ្នាក់ដឹកនាំ និងវីរយុទ្ធជនកម្ពុជាគ្រប់រូប លើភាពអង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ។
ក្នុងព្រះរាជសុន្ទរកថានៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជាបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ “នយោបាយឈ្នះ-ឈ្នះ” ហើយជាបន្តបន្ទាប់មកទៀត ចាប់ពី“យុទ្ធសាស្ត្រត្រីកោណ” រហូតដល់“យុទ្ធសាស្ត្រចតុកោណ” និងគោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅលើគ្រប់វិស័យ, ធ្វើឱ្យសេដ្ឋកិច្ចសង្គម កម្ពុជា ទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ទាំងអស់នេះគឺមកពីយើងទាំងអស់គ្នា មានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់សន្តិភាពដ៏រឹងមាំ និងយូរអង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាន និងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផលស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ពេលប្រទេសជាតិ ត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេស ជាមួយបងប្អូនវីរយុទ្ធជននៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ។ព្រះករុណាបានកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ។
១. (ខ្វូតព្រះរាជបន្ទូលព្រះមហាក្សត្រ)
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសម្តែងនូវការកោតស្ញប់ស្ញែង ការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារ បូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង ៕







ដោយ៖ស៊ូ វណ្ណលុក
រូបភាព៖វេង លីមហួត ,សួង ពិសិដ្ឋ