តម្លៃកង្កែបឡើងថ្លៃបន្តិច តែអ្នកចិញ្ចឹមមិនទាន់ចំណេញ
អ្នកចិញ្ចឹមកង្កែបមានទឹកមាត់លេបបន្តិចមកវិញ ខណៈគិតមក ដល់ ជិតចុងខែសីហា ឆ្នាំ២០២៦នេះ វារីវប្បករ ឬអ្នកចិញ្ចឹមសត្វទឹកភាគច្រើនមានត្រីជាដើមអាចអាចរកផលចំណេញបានស្ទើរទាំងអស់ លើកលែងតែអ្នកចិញ្ចឹមកង្កែបដែលនៅតែប្រឈមមុខនឹងការខាតបង់បន្តិចបន្តួច បើទោះបីជាតម្លៃលើទីផ្សារចាប់ផ្តើមហក់ឡើងវិញបន្តិចក្តី។សមាគមវារីវប្បករនៅកម្ពុជាបានអះអាងថា បញ្ហាប្រឈមនេះបណ្តាលមកពីការនាំចូលកង្កែបលើសតម្រូវការ និងការលួចនាំចូលដោយគេចពន្ធពីប្រទេសជិតខាង។
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃកង្កែបរស់បានហក់ឡើងពី ៥ពាន់ទៅ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានជួយកាត់បន្ថយការខាតបង់មកត្រឹម ៥០០ ទៅ ១ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យអ្នកចិញ្ចឹមអាចរកប្រាក់ចំណេញបាន លុះត្រាតែកង្កែបមានតម្លៃចាប់ពី ៦ពាន់រៀលក្នុងមួយគីឡូក្រាមឡើងទៅ។
ប្រធានសមាគមរូបនេះបានបន្ថែមថា តម្រូវការសាច់កង្កែបក្នុងស្រុកមានរហូតដល់២០តោនក្នុងមួយថ្ងៃ ប៉ុន្តែការផ្គត់ផ្គង់របស់កសិករក្នុងស្រុកធ្វើបានត្រឹមតែ ១០តោន។ ចំពោះកសិករ ចិញ្ចឹមកង្កែបមាននៅខេត្តសៀមរាប ព្រៃវែង និងខេត្តដទៃទៀត។អ្នកចិញ្ចឹមភាគច្រើនតាមលក្ខណៈគ្រួសារ និងកម្រិតមធ្យមដែលត្រឹមតែ២ទៅ ៣ពាន់ក្បាល ចំណែកការចិញ្ចឹមបែបធំដូចជាកសិដ្ឋាននៅមានកម្រិតតិចតួចនៅឡើយ។ប៉ុន្តែកត្តាដែលធ្វើឱ្យអ្នកចិញ្ចឹមខាតបង់កន្លងមក គឺដោយសារការនាំចូលលើសតម្រូវការ និងការលួចនាំចូលខុសច្បាប់ ដែលបានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមេសា។
ដោយឡែកសម្រាប់តម្លៃផលវារីវប្បកម្មផ្សេងទៀត ដូចជា ត្រីរ៉ស់ និងត្រីឆ្តោ ឃើញថាមានការកើនឡើងចន្លោះពី ២០០ ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីភាគច្រើនអាចរកប្រាក់ចំណេញបានល្អ។
ដើម្បីជួយសង្គ្រោះអ្នកចិញ្ចឹមកង្កែបក្នុងស្រុក សមាគមវារីវប្បករនៅកម្ពុជា បានបន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យពង្រឹងការទប់ស្កាត់ និងគ្រប់គ្រងការនាំចូលសាច់កង្កែបឱ្យបានតឹងរ៉ឹង ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងការពារផលិតផលក្នុងស្រុក៕
ដោយ៖ម៉ាដេប៉ូ
