ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

ប៉េកាំង ៖ ចិនបានលើកឡើង កាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្ម និងសម្ពាធ របស់អាមេរិកមកលើអ៊ីរ៉ង់ នឹងមិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាបានឡើយ ពោលគឺ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យរដ្ឋាភិបាលនានា រួមទាំង ទីក្រុងប៉េកាំងផងដែរ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច។

នៅពេលត្រូវបានសួរអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា «ការដាក់ទណ្ឌកម្ម និងសម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានេះបានឡើយ»។

លោកបានមានប្រសាសន៍ថា «ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត»។

នៅពេលសួរ ជុំវិញអាមេរិកជំរុញឲ្យចិនគាំទ្រទណ្ឌកម្មនេះ, អ្នកនាំពាក្យ លោក លីន បានបញ្ជាក់ឡើងវិញអំពីតម្រូវការសម្រាប់ភាគីទាំងអស់ក្នុងការចាត់ «វិធានការប្រកបដោយការទទួលខុសត្រូវ» ក្នុងការដោះស្រាយលើសង្គ្រាម។

លោក លីន បាននិយាយបញ្ជាក់បន្ថែមថា «ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និង មិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»៕

សហរដ្ឋអាមេរិកបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យរបបដឹកនាំរបស់អ៊ីរ៉ង់ «ដួលរលំ» ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានចាត់ទុកថាជា «អំពើភេរវកម្មសេដ្ឋកិច្ច» ដែលនឹងបរាជ័យជាមិនខាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner