លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែលមានគំនិតប្រឆាំងជនជាតិជ្វីហ្វ
ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានហៅប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ជា «មេដឹកនាំផ្តាច់ការដែលមានគំនិតប្រឆាំងនឹងជនជាតិជ្វីហ្វ»។
ការលើកឡើងនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់តួកគី កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួនពីអន្តរជាតិ លើរូបលោក Netanyahu ដោយចោទប្រកាន់ពីបទ «ប្រល័យពូជសាសន៍» ពាក់ព័ន្ធនឹងការដែលអ៊ីស្រាអែលបានស្ទាក់ចាប់ក្បួននាវាដឹកជំនួយសម្រាប់តំបន់ហ្គាហ្សា។
ការិយាល័យរបស់លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីស្រាអែលមិនដែលពេញចិត្តចំពោះភាពលាក់ពុតរបស់តួកគីឡើយ។ លោក Erdogan គឺជាមេដឹកនាំផ្តាច់ការដែលមានគំនិតស្អប់ខ្ពើមជនជាតិជ្វីហ្វ ដែលបានសម្លាប់រង្គាលជនជាតិឃើដ (Kurds) គាំទ្រការសម្លាប់រង្គាលរបស់អង្គការភេរវករហាម៉ាស (Hamas) និង គាបសង្កត់ប្រជាជនរបស់ខ្លួនឯង»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា អ៊ីស្រាអែលនឹង «បន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី ក្នុងការធ្វើឱ្យតំបន់នេះបាត់បង់ស្ថិរភាព និងប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់ខ្លួន»។
ការលើកឡើងនេះ ក៏បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅភាគខាងជើងប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនតួកគី។
យ៉ាងណា លោក Netanyahu បានលើកឡើងថា លោក Erdogan កំពុងព្យាយាមបង្កើតវត្តមានយោធានៅទីនោះ ប៉ុន្តែ តួកគីបានបដិសេធថា ខ្លួនមិនបានទៅទស្សនាកន្លែងនោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត