អ៊ីរ៉ង់គំរាមប្រើកម្លាំងយោធា ឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសគំរាមឆ្លើយតបផ្នែកយោធា ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។
ឧត្តមសេនីយ៍ទោ Ali Abdollahi ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់នឹងមានលក្ខណៈទូលំទូលាយ និង ដាច់ណាត់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តី លោក Abdollahi មកចុះផ្សាយថា «ជាមួយនឹងការត្រៀមខ្លួនរួចរាល់ ទាំងនៅលើគោក សមុទ្រ អាកាស ប្រព័ន្ធការពារដែនអាកាស និង តាមលំហអ៊ីនធឺណិត ឬ cyberspace។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ របស់សត្រូវ តាមរយៈវិធានការដ៏ខ្លាំងក្លា ដាក់ទណ្ឌកម្ម និង បំផ្លិចបំផ្លាញ»។
បើតា straits times, ការគំរាមនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ២០ ខែសីហា បានសន្យាថា នឹងផ្តល់ព័ត៌មានលម្អិត នៅថ្ងៃទី២៤ ខែសីហា។
យ៉ាងណា លោក Mohammad Bagher Ghalibaf ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលជាតួអង្គដ៏សំខាន់ ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានងាកទៅប្រើប្រាស់អ្វីដែលលោកហៅថា «សង្គ្រាមសេដ្ឋកិច្ច» ព្រោះ មិនអាចឈ្នះសង្គ្រាមប្រយុទ្ធគ្នា ដោយកម្លាំង៕
ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត