លោក ពូទីន ថា កងកម្លាំងអ៊ុយក្រែនគ្មានឥទ្ធិពលអ្វីឡើយ លើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនមានឥទ្ធិពលអ្វីឡើយ ទៅលើខ្សែត្រៀមជួរមុខរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា «ប្រតិបត្តិការឥទ្ធិពល» រយៈពេល ៤០ ថ្ងៃរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ដែលបានបញ្ចប់ នៅថ្ងៃទី ៥ ខែសីហា នោះ មិនទទួលបានលទ្ធផលអ្វីទាំងអស់ និងមិនមានឥទ្ធិពលអ្វីឡើយទៅលើខ្សែត្រៀមជួរមុខ។
លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅតែបន្តរុលទៅមុខលើគ្រប់ទិសដៅ ហើយថែមទាំងបានបង្កើនល្បឿននៃការវាយលុករបស់ពួកគេទៀតផង។
លោកបានបន្ថែមថា «របបទីក្រុងកៀវ និងមេខ្លោងរបស់ពួកគេ មិនទទួលបាន និងនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយ»។
បើតាម AFP សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេល បួនឆ្នាំកន្លះ មកហើយ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ចំនួនជនស៊ីវិលដែលបានស្លាប់រហូតមកទល់ពេលនេះក្នុងឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែដំបូងៗនៃសង្គ្រាមមក។
នៅថ្ងៃចន្ទ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាអំពីវិធីដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត