ម្ចាស់ផលិតកម្មមហាហង្សដឹកនាំតារាសម្តែង និងតារាចម្រៀងចេញទៅប្រកួតបាល់ទាត់ នៅប្រទេសថៃ
ភ្នំពេញ: លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានដឹកនាំតារាសម្ដែង និងតារាចម្រៀង៥រូប រួមមាន លោក ភឹម តារាវិបុល លោក សេង នរៈមង្គល តារាចម្រៀង លោក គូម៉ា តារាចម្រៀងខេម និងអតីតារាសម្ដែងលោក តុលា ចេញទៅប្រកួតបាល់ទាត់នៅក្នុងប្រទេសថៃ ជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក ដោយការប្រកួតនឹងដំណើរការនៅល្ងាចថ្ងៃទី៩ ខែមេសានេះ ហើយការប្រកួតលក់សំបុត្រ ដែលទទួលបានគឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ិន សុភិន និយាយថា មូលហេតុដែលនាំឲ្យមានការប្រកួតជាលក្ខណៈឆ្លងប្រទេសហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃបានស្នើមកកាន់ក្រុមបឹងកេតអលស្ដា ហើយក្រុមបឹងកេតអលស្ដា ក៏បានសហការជាមួយក្រុមតារាមហាហង្ស ដើម្បីឲ្យមានតារាៗដែលមាថ្វីជើងល្អៗចូលរួមក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ ។ លោកបន្តថា ក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេសថៃនឹងមកប្រកួតនៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា។
លោកបន្ថែមថា ក្រុមតារាពីក្រុមមហាហង្សមានចំនួន៦រូប និងក្រុមបឹងកេត៦រូប ដោយតារាៗដែលលោកសម្រេចជ្រើសឲ្យទៅប្រកួតនៅក្នុងប្រទេសថៃនោះ គឺសុទ្ធតែជាកីឡាករប្រចាំក្រុមដែលមានថ្វីជើងល្អ ដូចជាលោក ខេម លោក គូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំងក្នុងការប្រកួតកន្លងមក។ ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ៕ម.ន