កាណាដាប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ បានប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក បន្ទាប់ពីបានបដិសេធមិនទទួលយក នូវអ្វីដែលលោកហៅថាជា កិច្ចព្រមព្រៀងមិនល្អមួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម នៅចំពេលដែលមានការបែកបាក់កាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដ៏យូរលង់ទាំងពីរនេះ។
បើតាម CNA , ការចរចារវាងប្រទេសជិតខាងទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន បានបរាជ័យ កាលពីថ្ងៃសុក្រ ដែលនាំឱ្យមានការអនុវត្តអត្រាពន្ធថ្មី របស់សហរដ្ឋអាមេរិក ក្នុងកម្រិត ៥០% ទៅលើទំនិញដែលមានតម្លៃប្រហែល ២០ពាន់លានដុល្លារ ឬ ស្មើនឹង ៥,៥% នៃការនាំចេញរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីកាណាដាបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ទោះបីជាការចរចាពីមុន មានលទ្ធផលល្អក៏ដោយ។
លោក Carney បានថ្លែង នៅទីក្រុង Ottawa ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើលក្ខខណ្ឌថ្មីៗ ដែលមិនសមហេតុផលផ្នែកសេដ្ឋកិច្ច មិនយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សុទ្ធរបស់កាណាដា ព្រមទាំង ធ្វើឱ្យមានការសង្ស័យទៅលើភាពអាចជឿទុកចិត្តបាននៃកិច្ចព្រមព្រៀងណាមួយ»។
លោកក៏បានបញ្ជាក់ពីការដាក់ពន្ធថ្មី របស់កាណាដា ដែលនឹងផ្តោតជាសំខាន់ទៅលើឧស្សាហកម្មដែកថែប និង ផលិតផលទឹកដោះគោ របស់សហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមអនុវត្ត នៅថ្ងៃទី៨ ខែកញ្ញា។ លោក Carney បានឱ្យដឹងថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាស នៅសប្តាហ៍ក្រោយ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត