អ៊ីរ៉ង់ ព្រមានវាយប្រហារច្រកដឹកប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស

តេហេរ៉ង់ ៖ អ៊ីរ៉ង់នឹងវាយប្រហារផ្លូវដឹកជញ្ជូនប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស ប្រសិនបើប្រទេសក្នុងតំបន់ឈូងសមុទ្រគាំទ្រការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់។

បើតាម Tass, លោក Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនត្រឹមតែត្រៀមខ្លួនវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងត្រៀមវាយប្រហារលើផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់ឈូងសមុទ្រពែរ្សផងដែរ ប្រសិនបើប្រទេសក្នុងតំបន់ចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។

ស្ថានីយ៍ផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោកមកបញ្ជាក់ថា «យើងកំពុងប្រាប់ប្រទេសជិតខាងទាំងអស់ កុំឱ្យចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បើមិនដូច្នោះទេ ទីក្រុងតេហេរ៉ង់នឹងចាត់ទុកពួកគេជាសត្រូវ»។

លោកបានបន្ថែមថា ប្រសិនបើប្រទេសជិតខាងចូលរួមអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ «នឹងមិនមានប្រេងសូម្បីតែមួយដំណក់ត្រូវបានដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ឡើយ»។ ក្នុងករណីនោះ, អ៊ីរ៉ង់នឹង «ចាត់ទុកផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់នេះថា ជាគោលដៅវាយប្រហាររបស់ខ្លួន»។

តាមរយៈសម្តីរបស់លោក Rezaei , «សាធារណរដ្ឋអ៊ីស្លាមមួយនេះមិនចង់ឱ្យជម្លោះរីករាលដាលនោះទេ ប៉ុន្តែ ប្រសិនបើប្រទេសជិតខាងរបស់អ៊ីរ៉ង់គាំទ្រសហរដ្ឋអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ ទីក្រុងតេហេរ៉ង់នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner