លោក ត្រាំ ថា កាណាដាចង់បានអត្ថប្រយោជន៍ តាមវិធីមិនបាច់ក្លាយជារដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ ប្រទេសកាណាដាថា ចង់បានអត្ថប្រយោជន៍ពីអាមេរិក តាមរយៈវិធីសាស្ត្រ មិនចាំបាច់ក្លាយជារដ្ឋរបស់អាមេរិក។
នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា «កាណាដាចង់បានអត្ថប្រយោជន៍នៃការក្លាយជារដ្ឋមួយរបស់អាមេរិក ដោយមិនចាំបាច់ក្លាយជារដ្ឋនោះឡើយ!!!»។
លោកក៏បានចោទប្រកាន់កាណាដាថា បានដាក់ពន្ធគយខ្ពស់លើផលិតផលកសិកម្មរបស់អាមេរិក ដោយលោកបានលើកឡើងថា «ពួកគេបានគិតថ្លៃពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើកសិករដ៏អស្ចារ្យរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឈប់ទៀតទៅ!!!»។
បើតាម Anadolu, ការលើកឡើងទាំងនេះបានកើតឡើង ចំពេលដែលមានជម្លោះពាណិជ្ជកម្មកំពុងបន្តរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃសៅរ៍, លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ពន្ធគយថ្មីដើម្បី «បង្កគ្រោះថ្នាក់ និងបំបែកបំបាក់ កាណាដា ដោយលោកបានហៅវិធានការទាំងនោះថាជា «ការគណនាខុសឆ្គង» និងបានសន្យាថា នឹងមានការសងសឹកតបតវិញក្នុងកម្រិតស្មើគ្នា ចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ។
លោក Carney ក៏បាននិយាយផងដែរថា កាណាដាបានផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុង Washington បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញនូវការទាមទារដែលទីក្រុង Ottawa មិនអាចទទួលយកបាន។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់កាណាដា ជុំវិញបញ្ហាពន្ធគយ និងបានលើកឡើងជាថ្មីនូវការរិះគន់របស់លោក ចំពោះទំនាក់ទំនងរវាងទីក្រុង Ottawa និងទីក្រុង Washington៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត
