នាយករដ្ឋមន្រ្តីអង់គ្លេសនឹងទៅអ៊ុយក្រែន ជាមួយផែនការគាំទ្រការផលិតមីស៊ីលចម្ងាយឆ្ងាយ
ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហានេះ ជាមួយនឹងផែនការជួយគាំទ្រទីក្រុងកៀវ ក្នុងការផលិតមីស៊ីលចម្ងាយឆ្ងាយក្នុងស្រុករបស់ខ្លួនឱ្យកាន់តែរីកចម្រើន ។
យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស, រដ្ឋាភិបាលរបស់លោក Burnham នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីសមាសធាតុផលិតដោយអង់គ្លេស ដែលប្រើប្រាស់ក្នុងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ជាមួយអ៊ុយក្រែន ។
ការសម្រេចចិត្តនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតមីស៊ីលប្រភេទនេះដោយផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែនតែម្តង ។
ផែនការនេះធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលការពារ និងវាយបកកងទ័ពរុស្ស៊ី ហើយត្រូវការបង្កើនសមត្ថភាពផលិតកម្មអាវុធរយៈចម្ងាយឆ្ងាយដោយខ្លួនឯង ដើម្បីវាយប្រហារលើទីតាំងភស្តុភារ និងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។
បើតាម Straits Times, ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ដោយផ្តល់ទាំងការគាំទ្រផ្នែកយោធា ជំនួយសេដ្ឋកិច្ច និងការទូត ។
បន្ថែមលើនេះ ចក្រភពអង់គ្លេស ក៏ជាប្រទេសដំបូងគេដែលប្រកាសពីផែនការផ្គត់ផ្គង់រថក្រោះចម្បាំងផលិតដោយលោកខាងលិច និងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយដល់អ៊ុយក្រែនផងដែរ ហើយមកទល់ពេលនេះ ទីក្រុងឡុងដ៍បានផ្តល់ជំនួយជាង ៣៤ ពាន់លានដុល្លារហើយ សម្រាប់ការគាំទ្រផ្នែកយោធា និងស៊ីវិល ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
