អ៊ុយក្រែន ព្រមានថា លោក ពូទីន នឹងកេណ្ឌទ័ពថ្មីបន្ថែម ៣០ ម៉ឺននាក់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការកេណ្ឌទ័ពថ្មីបន្ថែមចំនួន ៣០០,០០០នាក់ ដើម្បីដាក់ពង្រាយក្នុងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីនៅពាក់កណ្តាលខែកញ្ញាខាងមុខ ។

បើតាម CNN, លោក ហ្សេលេនស្គី ជឿជាក់ថា លោក ពូទីន មានផែនការដាក់ពង្រាយកងទ័ពទើបកេណ្ឌថ្មីទាំង ៣០០,០០០នាក់ ប៉ុន្តែវាអាស្រ័យលើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។

លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា កងទ័ពថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់ដើម្បីបង្កើនការវាយលុកដណ្តើមយកតំបន់ ដូណេត ភាគខាងកើតអ៊ុយក្រែនឱ្យបានទាំងស្រុងនៅចុងឆ្នាំនេះ ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ អះអាងថា រុស្ស៊ីបានបាត់បង់បុគ្គលិកយោធាចំនួន ២៦៧,០០០ នាក់ ចាប់តាំងពីដើមឆ្នាំមក និងប្រមាណ ១៥៥,០០០នាក់ ត្រូវបានសម្លាប់ គិតមកទល់ពេលនេះ ។ យ៉ាងណា តួលេខនេះ មិនអាចបញ្ជាក់បានទេ ប៉ុន្តែស្របតាមការប៉ាន់ស្មានរបស់មន្ត្រីលោកខាងលិច ។

គួរបញ្ជាក់ថា រុស្ស៊ីកំពុងពង្រឹងការវាយលុកជាមួយនឹងសង្គ្រាមផ្លូវអាកាសកាន់តែខ្លាំងឡើងលើទីក្រុងនានារបស់អ៊ុយក្រែន ដែលកាន់តែសាហាវទៅៗ ចំពេលដែលអ៊ុយក្រែនប្រឈមកង្វះមីស៊ីលសំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ។

យ៉ាងណា លោក ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា អ៊ុយក្រែននឹងទទួលបានមីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសចំនួន ២៦៤គ្រាប់ នៅត្រឹមឆ្នាំ២០២៦ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner