ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក
តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងការធ្វើពាណិជ្ជកម្ម។
លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានអំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្ម ដោយចាត់ទុកថាវាជាវិធីសាស្ត្រទូទាត់ដែលហួសសម័យ។
លោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីចុងសប្តាហ៍ថា «សម័យកាលនៃឥទ្ធិពលត្រួតត្រាជាសកលរបស់សហរដ្ឋអាមេរិកបានបញ្ចប់ទៅហើយ ប៉ុន្តែ យើងមិនទាន់បានទាញយកផលប្រយោជន៍ពេញលេញពីស្ថានភាពនេះនៅឡើយទេ ហើយនៅតែបន្តប្រើប្រាស់វិធីសាស្ត្រហួសសម័យក្នុងការធ្វើពាណិជ្ជកម្ម»។
លោកបានអំពាវនាវឱ្យ «បញ្ឈប់ការអាស្រ័យលើប្រាក់ដុល្លារអាមេរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញសម្រាប់ការទូទាត់ និងការធ្វើពាណិជ្ជកម្ម»។
យោងតាមលោក Ghalibaf, តំបន់មជ្ឈិមបូព៌ាមាន «សារៈសំខាន់ពិសេសផ្នែកភូមិសាស្ត្រនយោបាយ»។ លោកបានសង្កត់ធ្ងន់ថា៖ «ច្រកផ្លូវដែលតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលឆ្លងកាត់បណ្តាប្រទេសនៃ “អ័ក្សតស៊ូ” គឺជាបេះដូងនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងជាធាតុផ្សំដ៏សំខាន់នៃអំណាច និងឯករាជ្យភាព»។
យោងតាមទស្សនៈរបស់អ៊ីរ៉ង់, អ្វីដែលគេហៅថា «អ័ក្សតស៊ូ» នេះ រួមមាន ចលនា ក្រុមហ៊ូទី ប្រទេសយេម៉ែន ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៊ីត នៅប្រទេសអ៊ីរ៉ាក់៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត