លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ផ្អែកលើភាពជាក់ស្តែងនៅនឹងកន្លែង

មូស្គូ ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅនឹងកន្លែង។

បើតាម anadolu ចេញផ្សាយ កាលពីចុងសប្តាហ៍, លោក ពូទីន បានលើកឡើងអំពីការវិវត្តនានាទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទៅកាន់បណ្តាញផ្សព្វផ្សាយរដ្ឋ Rossiya-24។

ដោយសំដៅលើសំណើដែលរុស្ស៊ីបានទទួល, លោក ពូទីន បានមានប្រសាសន៍ថា «សំណើដែលយើងទទួលបាន ជួនកាល មានលក្ខណៈចម្លែកខុសប្រក្រតី និង មិនអាចទទួលយកបាន។ យើងតែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ប៉ុន្តែ ត្រូវធ្វើឡើងតែលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែងនៅនឹងកន្លែងប៉ុណ្ណោះ»។

លោក ពូទីន បានលើកឡើងថា អ៊ុយក្រែនមានបំណងយកឈ្នះរុស្ស៊ី “ក្នុងរយៈពេល ៤០ថ្ងៃ” តាមរយៈការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយលោកបានពណ៌នាសកម្មភាពនេះថាជា “ការផ្សងព្រេងថ្មីមួយរបស់របបទីក្រុងគៀវ និងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន”។

លោក ពូទីន បានថ្លែងថា «លើកនេះ ពួកគេបានគ្រោងធ្វើឱ្យរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្រក្នុងរយៈពេល ៤០ថ្ងៃ ដោយកំណត់គោលដៅវាយប្រហារលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្គត់ផ្គង់ របស់យើង តាមរយៈការប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក»។

ជាការឆ្លើយតប លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានបង្កើនការវាយប្រហារលើទីតាំងឧស្សាហកម្មយោធានៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងនៅក្នុងរដ្ឋធានីគៀវផងដែរ ហើយបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានចាប់ផ្តើមសងសឹកចំពោះសកម្មភាពដែលកំណត់គោលដៅលើទីតាំងឧស្សាហកម្មស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្គត់ផ្គង់។

លោក ពូទីន បានថ្លែងថា ការវាយប្រហារទាំងនោះបានផ្តល់លទ្ធផលផ្ទុយស្រឡះពីអ្វីដែលអ៊ុយក្រែនបានរំពឹងទុក ដោយលោកបាននិយាយថា «រដ្ឋាភិបាលទីក្រុងគៀវ និងអ្នកដឹកនាំរបស់ខ្លួន មិនទទួលបានផលចំណេញអ្វីឡើយ ហើយក៏នឹងមិនទទួលបានដែរ»៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner