ម៉ាឡេស៊ី ជំរុញពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ខណៈអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ខ្លាំង

គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបានណែនាំពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត និងប៉ាតានី ភាគខាងត្បូងប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយផ្ទុះអំពើហិង្សាជាបន្តបន្ទាប់នៅទីនោះ ។

តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី គឺជាទីកន្លែងនៃជម្លោះបះបោររ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ។

ជាក់ស្តែង កងកម្លាំងសន្តិសុខថៃបានប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តាច់ខ្លួនស្វែងរកឯករាជ្យ សម្រាប់បណ្តាខេត្តដែលមានប្រជាជនម៉ូស្លីម និងជនជាតិម៉ាឡេស៊ីភាគច្រើន ដូចជានៅណារ៉ាត់ធីវ៉ាត់, ប៉ាតានី, យ៉ាឡា និងផ្នែកខ្លះនៃខេត្តសុងក្លា ។

ឆ្លើយតបបញ្ហាអសន្តិសុខចុងក្រោយនេះ ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ អាទិត្យ ដោយណែនាំជនជាតិម៉ាឡេស៊ីដែលធ្វើដំណើរនៅកាន់តំបន់រងផលប៉ះពាល់របស់ប្រទេសថៃ ត្រូវចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី ។

ក្រសួងបញ្ជាក់ថា ជនជាតិម៉ាឡេស៊ីដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ ក៏ដូចជាមានបំណងធ្វើដំណើរទៅ-មកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព បម្រាមគោចរ និងការណែនាំសន្តិសុខទាំងអស់ដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ។

បើតាមស៊ីនហួរ, អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅ បើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីយប់ថ្ងៃ សៅរ៍ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner