ការបូកពិន្ទុប្រឡងបាក់ឌុប នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃបន្ទាប់
ដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលប្រឡងបាក់ឌុប គ្រោងនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ការស្រង់ និងបូកពិន្ទុដោយកុំព្យូទ័រ និងការផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ហើយមកដល់ពេល បានប្រព្រឹត្តទៅដោយរលូន មិនមាបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹកសម្រង់ពិន្ទុ (MCS)
និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ចដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងដំណើរការនេះ ក្រសួងអប់រំអះអាងថា គឺអនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេស ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដើម្បីឲ្យលទ្ធផលមានសុក្រឹតភាព ទទួលយកបាន ហើយឆ្លុះបញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង តាមទិសស្លោក “អ្នកចេះគឺជាប់”។
ក្រសួងបានឱ្យដឹងដែរថា តាមការគ្រោងទុក ដំណើរការនេះបូកពិន្ទុនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ហើយលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនឹងត្រូវប្រកាសនៅទូទាំងរាជធានី-ខេត្ត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕




ដោយ៖ ម៉ាដេប៉ូ