អ្នកសេដ្ឋវិទូ៖ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជី បន្តដាក់សម្ពាធលើសេដ្ឋកិច្ចកម្ពុជា

ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលប្រេងឥន្ធនៈ និងជី បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសប្រឈមនឹងការរំខានការផ្គត់ផ្គង់ថាមពលសកល និងរំលេចពីតម្រូវការ ក្នុងការការពារគ្រួសារងាយរងគ្រោះ ព្រមទាំងការកសាងភាពធន់រយៈពេលវែង។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
 
របាយការណ៍ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចដោយការរំខាននៃទីផ្សារថាមពលអន្តរជាតិ​មកលើប្រទេសកម្ពុជា ត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវកម្ពុជា និងអន្តរជាតិ មកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយនៅសាកលវិទ្យាល័យ Victoria, ធនាគារអភិវឌ្ឍន៍អាស៊ី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។
 
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា ការរងផលប៉ះពាល់របស់កម្ពុជា ដោយការរំខាននៃទីផ្សារថាមពល មិនត្រឹមតែជាការគំរាមកំហែងរយៈពេលខ្លី ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផងដែរ។
 
បើតាមលោកស្រី Yasmin Siddiqi របាយការណ៍នេះផ្តល់ការវិភាគទាន់ពេលវេលា ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅនឹងវិបត្តិប្រេងឥន្ធនៈសកល និងជំនួយ តាមរយៈអន្តរាគមន៍រហ័សរបស់ ADB នាពេលថ្មីៗនេះ ដើម្បីស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះអាចជួយអ្នកបង្កើតគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយវិបត្តិពីខាងក្រៅ។
 
លោក Milan Thomas សេដ្ឋវិទូប្រចាំប្រទេសកម្ពុជា របស់ ADB បានបង្ហាញពីលទ្ធផលនៃគំរូស្រាវជ្រាវនេះ។ លោកគូសបញ្ជាក់ថា ប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើងបន្ថែមទៀតដល់ ៥០ភាគរយ ខ្ពស់ជាងមុនពេលមានវិបត្តិ សកម្មភាពសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១ភាគរយ។ ផលប៉ះពាល់អាចមានកាន់តែច្រើនលើគ្រួសារនៅតាមជនបទ ដោយសារផលិតកម្មវិស័យកសិកម្មរបស់ពួកគាត់ រងផលប៉ះពាល់ដោយតម្លៃធាតុចូលខ្ពស់ជាងមុន។
 
យ៉ាងណាក៏ដោយ ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើនេះ ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ បានអនុម័តកញ្ចប់ថវិកាចំនួន ២៥០ លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់គ្រួសារក្រីក្រ ការគាំទ្រអន្តរកម្មថាមពលសម្រាប់អ្នកបើកបររ៉ឺម៉កកង់បី ព្រមទាំងការបណ្តុះបណ្តាល និងបរិក្ខារកសិកម្មសម្រាប់គ្រួសារនៅតាមជនបទ។ គម្រោងហិរញ្ញប្បទាននេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែកញ្ញាតទៅ៕

ខន ណារី AMS

ads banner