ការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរ ដែលត្រូវចោរលួច បានទៅដល់ខេត្តពោធិ៍សាត់ បន្ទាប់ពីកំពង់ឆ្នាំង និងភ្នំពេញ
នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ កំពុងរៀបចំការតាំងពិព័រណ៍រូបថតស្តីពី «វត្ថុសិល្បៈខ្មែរ» ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងកំពុងទាមទារត្រឡប់មកកម្ពុជាវិញ នៅក្នុងបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។
ការតាំងពិព័រណ៍នេះ នឹងបើកទទួលសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា រូបថតវត្ថុសិល្បៈខ្មែរ ដែលកំពុងដាក់តាំងបង្ហាញជាសាធារណៈនេះ បង្ហាញពីវត្ថុបុរាណខ្មែរដែលត្រូវបានគេលួចចរាចរដោយខុសច្បាប់ចេញពីកម្ពុជា កំឡុងពេលកម្ពុជាជួបសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ១៩៩០។
លោកបន្តថា វត្ថុបុរាណទាំងនោះ ជារូបបដិមាសាសនា ទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលមានប្រភពមកពីបុរាណដ្ឋាននានា ពិសេសវត្ថុនៅក្នុងតំបន់ប្រាសាទកោះកេរ ក្នុងនោះក៏មានវត្ថុខ្លះជាសមុច្ច័យ ដែលបាត់ពីសារមន្ទីរខេត្តបាត់ដំបង និងខ្លះទៀតពីអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាបផងដែរ។
លោកនិយាយថា វត្ថុបុរាណទាំងនេះ ពុំមែនគ្រាន់តែជារូបចម្លាក់ដែលឆ្លាក់ពីថ្ម ឈើ ឬលោហធាតុប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលផ្ទុកនូវប្រវត្តិសាស្ត្រ សិល្បៈ ជំនឿ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ និងជាសក្ខីភាពដ៏រស់រវើកនៃអារ្យធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃសង្គម នយោបាយ សាសនា សិល្បៈ និងបច្ចេកវិទ្យាក្នុងសម័យបុរាណ។ លើសពីនេះ វត្ថុបុរាណទាំងនេះក៏ជានិមិត្តរូបនៃប្រាជ្ញា ស្មារតី និងដួងព្រលឹងរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏ឧត្តុង្គឧត្តមសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍បណ្តោះអាសន្ននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិស្របតាមគោលដៅ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌»។
ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះ អនុញ្ញាតឱ្យសាធារណជនបានស្គាល់កាន់តែច្បាស់អំពីសម្បត្តិបេតិកភណ្ឌរបស់ដូនតា ដែលរាជរដ្ឋាភិបាលបានទាមទារត្រឡប់មកវិញ ព្រមទាំងបំផុសស្មារតីមហាជនឱ្យចូលរួមថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិ។
ពោធិ៍សាត់ ជាខេត្តទី៣ហើយដែលរៀបចំពិព័រណ៍រូបថតវត្ថុបុរាណខ្មែរទាំងនេះ បន្ទាប់ពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ។ បើតាមលោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ បន្ទាប់ពីខេត្តពោធិ៍សាត់ ក្រសួងវប្បធម៌នឹងរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍នេះនៅសកលវិទ្យល័យមួយចំនួននៅភ្នំពេញ មុននឹងបន្តទៅខេត្តផ្សេងៗទៀត៕
សៅ សុខអេង










