អ្នកឃ្លាំមើលសង្គមចង់ឲ្យដាក់ទោសតឹងរ៉ឹងលើជនល្មើសដែលអាងអំណាចទឹកប្រាក់ និងបុណ្យសក្តិ
អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យមានការដាក់ទោសធ្ងន់ធ្ងរលើបុគ្គលទាំងឡាយណា ដែលអាងអំណាចបុណ្យសក្តិ ឬទ្រព្យសម្បត្តិ ហើយដើរបង្កបញ្ហានៅក្នុងសង្គម ដូចជាករណីប្រើអំពើហិង្សា ឬបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយរត់គេចខ្លួនជាដើម។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មនុស្សមួយចំនួននៅបំពានច្បាប់ ដោយសារតែការអនុវត្តច្បាប់នៅធូរលុងនៅឡើយ។
លោកបានពន្យល់ថា ៖ មនុស្សក្អេងក្អាងបាននឹង ក្អេងក្អាងបែបធម្មជាតិក្អេងក្អាងដោយសារមានលុយមានអំណាចនឹងគឺដោយសារតែការអនុវត្តច្បាប់យើងនឹងមិនទាន់បានតឹងរឹង ក្រៅពីមិនទាន់តឹងរឹងនឹង មានការលើកឡើងថាអាចនឹងមានភាពមិនប្រក្រតី មានន័យថាការអនុវត្តច្បាប់នឹងលម្អៀងទៅអ្នកមានប្រាក់មានអំណាចចឹងទៀតទៅ ចឹងហើយធ្វើឲ្យភាពក្អេក្អាង បុគ្គលក្អេងក្អាងចេះតែមានសកម្មភាពធ្វើទុក្ខបុកម្និញទៅដល់ជនរងគ្រោះទាំងឡាយដែលពាក់ព័ន្ធឬក៏ទាក់ទងជាមួយគាត់នឹង។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិតក្នុងសង្គមខ្មែរវិញ យល់ឃើញថា សកម្មភាពក្អេងក្អាងបង្កហិង្សា ឬសកម្មភាពល្មើសផ្សេងៗដោយអាងអំណាចមាសប្រាក់នេះ មិនគួរទុកឲ្យបន្តស្រាបព្រួសនៅក្នុងសង្គមខ្មែរទៀតនោះទេ។
បើតាមលោក សុជាតិ រដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់គួរចាត់វិធានការតាមវិន័យរដ្ឋបាលរបស់រដ្ឋដើម្បីធ្វើយ៉ាងម៉េចកុំឲ្យបញ្ហាទាំងអស់វាកើតមានជាបន្តបន្ទាប់ទៅលើអ្នកដទៃផ្សេងទៀត ហើយក៏ជាគំរូមួយដែលបង្ហាញអំពីបេះដូងនិងឆន្ទៈពិតប្រាកដរបស់ថ្នាក់ដឹកនាំនៅក្នុងការបោសសម្អាតអំពើទាំងឡាយណាដែលបំផ្លាញផលប្រយោជន៍រួមរបស់រដ្ឋហើយនឹងរាស្រ្តរបស់យើង។
សូមបញ្ជាក់ថា អ្នកតាមដានសង្គមបានកត់សម្គាល់បែបនេះ ក្រោយពេលថ្មីៗនេះ ជនសង្ស័យម្នាក់ រួមទាំងបក្សពួក បានយកដបស្រាវាយក្បាលគូជម្លោះម្នាក់ឲ្យរងរបួសធ្ងន់ ដោយសារអាងខ្សែអ្នកធំ។ កន្លងមក ក៏មានករណីកូនអ្នកមានទ្រព្យស្តុកស្តម្ភបើករថយន្តទំនើបបុកគេស្លាប់ហើយរត់ផងដែរ។ តែទោះជាយ៉ាងណា ជនល្មើសត្រូវបាននាំយកមកទទួលទោសចំពោះមុខច្បាប់៕
សេង បារាំង AMS





